ព័ត៌មានជាតិ

អ្នកកាសែត មកពីប្រទេស SCO បន្តដំណើរទស្សនកិច្ច នៅស្ពានដែលវែងជាងគេបំផតុ ក្នុងប្រទេសចិន ឆ្លងកាត់ក្រុងជូហៃ-ម៉ាកាវ និងហុងកុង

ទីក្រុងជូហៃ៖ ប្រតិភូអ្នកកាសែត មកពីបណ្តាប្រទេស អង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization-SCO) និងដៃគូពាក់ព័ន្ធ នៅទី១២ខែកញ្ញា ឆ្នាំ២០១៩នេះ បានបន្តធ្វើដំណើរបំពេញ ទស្សនកិច្ច នៅស្ពានដែលមានប្រវែង៥៥គីឡូម៉េត្រ ដែលតភ្ជាប់ពីទីក្រុងជូហៃ-ម៉ាកាវនិងទីក្រុងហុងកុង ដែលមានតម្លៃសរុប រហូតដល់១៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

មគ្គុទ្ទេសក៍ បានឲ្យដឹងក្នុងឱកាសទស្សនកិច្ច របស់ប្រតិភូអ្នកកាសែតមកពីប្រទេស SCO ថា ស្ពាននេះជាស្ពានមួយដែលមានប្រវែង វែងជាងគេបំផុតដែលបានតភ្ជាប់ពីចិនដីគោក ទៅកាន់កោះហុងកុង តភា្ជប់ទៅកាន់ទីក្រុងម៉ាកាវ ដែលជាគម្រោងដ៏ធំមហិមា របស់ចិននៅក្នុងសតវត្សទី២១ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវការ កាលពីឆ្នាំ២០១៨កន្លងទៅ ក្រោមអធិបតីលោកប្រធានាធិបតី ស៊ី ជីនភីង។

បើតាមការរៀបរាប់ពីមគ្គុទ្ទេសក៍ដដែល ឲ្យដឹងថា ស្ពាននេះដើមឡើងមានគម្រោងសិក្សាមួយ ក្រោមគំនិតផ្ដួចផ្ដើមមួយ របស់អ្នកជំនួញជនជាតិចិនហុងកុងម្នាក់ នៅក្នុងឆ្នាំ១៩៨៣ ដែលគាត់មានបំណងចង់តភ្ជាប់ផ្លូវស្ពានពីហុងកុង-ម៉ាកាវ និងទីក្រុងជូហៃនេះ ទៅជាផ្លូវស្ពាន់តែមួយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរផ្លូវគោក ប៉ុន្តែគំនិតនោះត្រូវបានគេបដិសេធ ដោយសារតែទីក្រុងហុងកុងនៅពេលនោះ កំពុងមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំង ខណៈឯទីក្រុងជូហៃ បែរជាមិនមានការរីកចម្រើនបន្តិចណាឡើយ ដូច្នោះហើយបានជាគេ ចាត់ទុកគំនិតផ្ដួចផ្ដើមនោះ គ្រាន់តែជាគំនិតស្រមើស្រមៃតែប៉ុណ្ណោះ ដែលវាមិនអាចធ្វើទៅរួចឡើយ ដែលគេគិតថាការតភ្ជាប់ពីទីក្រុងហុងកុង ដែលមានការរីកចម្រើន ទៅតភ្ជាប់ជាមួយ ទីក្រុងជូហៃ ដែលខ្សត់ខ្សោយគ្មានការអភិវឌ្ឍនោះ វាជាការតភ្ជាប់មិនបានធ្វើឲ្យចំណេញដល់សេដ្ឋកិច្ចនោះទេ។

ប្រភពដដែលបន្តថា ក្រោយមកពាណិជ្ជកររូបនោះ ក៏បានបន្តការសិក្សាបន្ថែម ផ្នែកស្ថាបយ្យកម្ម នៅសហរដ្ឋមេរិក ហើយគំនិតត្រូវបានចាប់ផ្ដើម លេចចេញជារូបរាងក្រោយពីវបត្តិ សេដ្ឋកិច្ចឆ្នាំ១៩៩៧ ដែលធ្វើឲ្យថ្នាក់ដឹកនាំហុងកុងចាប់ផ្ដើមគិតគំនិតនេះវិញ ស្របពេលដែលទីក្រុងត្រូវបានប្រគល់មកឲ្យរដ្ឋាភិបាលចិន គ្រប់គ្រង ដែលប្រទេសមួយប្រព័ន្ធគ្រប់គ្រង២។ មកដល់ឆ្នាំ២០០៣ ការសិក្សាមួយ ក៏បានចាប់ផ្ដើមដែលប្រើប្រាស់រយៈពេលសិក្សារហូតដល់ទៅ៦ឆ្នាំ ចំពោះការសិក្សាននេះ គឺមានប្រទេសចំនួន៨ចូលរួម ក្នុងមានសហរដ្ឋអាមេរិក ហូឡង់ អង់គ្លេស ស្វីសផងដែរ។ បន្ទាប់ពីការសិក្សាអស់រយៈ៦ឆ្នាំហើយ ក៏បានចាប់ផ្ដើមធ្វើការសាងសង់ហើយក្នុងរយៈពេលសាងសង់គឺបានប្រើអស់រយៈពេល៩ឆ្នាំបន្ថែមទៀត ដូច្នេះហើយទម្រាំបាន សាងសង់ស្ពាននេះ រួចរាល់ត្រូវចំណាយអស់រយៈ១៥ឆ្នាំ ជាមួយនិងក្រុមហ៊ុនចិនសរុប ប្រហែលជាង១០០ បានចូលរួមធ្វើការសិក្សា និងសាងសង់គម្រោងស្ពាន ដ៏មហិមា តភ្ជាប់ទីក្រុងទាំងបី របស់ប្រទេសចិន។

ជាមួយគ្នានោះដែលរលោក សយ សុភា នាយកប្រតិបត្តិនិងជានិពន្ធនាយកសារព័ត៌មានដើមអម្ពិល ដែលបានចូលក្នុងដំណើរ ទស្សនកិច្ចតបតាមការអញ្ជើញ របស់ស្ថានទូតចិនប្រចាំ នៅកម្ពុជា បានថ្លែងនូវការកោតស្ញប់ស្ញែង ចំពោះថ្នាក់នាំចិនដែលបានខិតខំ ធ្វើឲ្យក្ដីស្រមៃមួយ ដែលកកើតឡើងតាំងពីអំឡុងឆ្នាំ១៩៨៣នោះ បានលេចចេញជារូបរាង នៅឆ្នាំ២០១៨ ដែលនេះ គឺជាសមតិផលមួយ របស់រដ្ឋាភិបាលចិននៅក្នុងសតវត្សទី២១ ដើម្បីបង្ហាញឲ្យឃើញអំពីសក្ដានុពលដ៏ខ្លាំងក្លា របស់ខ្លួនក្នុងពិភពលោក ក្នុងឋានៈជាប្រទេស មហាអំណាច ទី២ លើពិភពលោក។

សូមជម្រាបថា ប្រតិភូអ្នកកាសែត មកពីបណ្តាប្រទេស អង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization-SCO) និងដៃគូពាក់ព័ន្ធ មកពីបណ្ដាប្រទេស មានចំនួន១៨ រួមទាំងកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ រៀបចំដោយគណៈកម្មការកិច្ចសហប្រតិបត្តិការ ភាពជាអ្នកជិតខាងល្អ មិត្តភាព នៃអង្គការសហប្រតិបត្តិការសៀងហៃ (GNFCC SCO) ដែលត្រូវបានបង្កើតឡើង នាឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ប្រយោជន៍លើកកម្ពស់ស្មារតីយោគយល់គ្នា រវាងប្រទេសជាសមាជិក និងប្រទេសអង្កេតការណ៍ ជាពិសេសរឹតចំណងមិត្តភាពជាប្រពៃណី រវាងប្រជាជននិងប្រជាជន ក្នុងអង្គការសៀងហៃនេះ។ GNFCC ត្រូវនៅក្រោមការគ្រប់គ្រង របស់ក្រសួង ការបរទេសចិន៕

Facebook Comments

To Top