ព័ត៌មានជាតិ

ពលរដ្ឋឃុំត្រាចទង-ស្រុងឧដុង្គ គាំទ្រការផ្លាស់ប្ដូរទីតាំងរោងចក្រ ទៅជាយក្រុង

ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិរ៉ា ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានសម្ដែងការសប្បាយរីករាយ និងគាំទ្រពេញទំហឹង ចំពោះផែនការរៀបចំផ្លាស់ប្តូរ ទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ពីតំបន់ទីប្រជុំជន ទៅតំបន់ជាយក្រុង ស្ថិតតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដែលជូនដំណឹងដោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ។

លោក ប៊ន ឡូញ មេភូមិឃ្លាំង បានបញ្ជាក់ថា ពលរដ្ឋបានសប្បាយចិត្ត ក្រោយលឺគម្រោងផ្លាស់ប្ដូររោងចក្រមកជាយក្រុង ដែលនឹងបង្កើតឱកាសការងារដល់ពួកគេ ស្របពេលឃុំត្រាចទង បានក្លាយជាគោលដៅដ៏សំខាន់ ដើម្បីសាងសង់រោងចក្រ និងសហគ្រាសផ្សេងៗ ។ ការអះអាងដូច្នេះ បន្ទាប់ពីលោកសង្កេតឃើញមានក្រុមហ៊ុនជាច្រើន បានចុះទៅសិក្សាក្នុងមូលដ្ឋាន របស់ខ្លួន រួមផ្សំនឹងសកម្មភាពពុះដីឡូដិ៍យ៉ាងគគ្រឹកគគ្រេងជាដើម ។

លោកថា «ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនេះ ខ្ញុំរីករាយ ចំពោះព័ត៌មានផ្លាស់ប្ដូរទីតាំងរោងចក្រ មកតំបន់ជាយក្រុង ព្រោះដីនៅតំបន់ជាយក្រុងនេះធំៗ និងអំណោយផល ជាក់ស្ដែងនៅឃុំត្រាចទង ដែលជិតរ៉ាត្រាចទង និងផ្លូវជាតិ តំបន់ផ្លូវក្រវាត់ក្រុងទី៣ ស្រាប់ ។ យើងរីករាយ និងស្វាគមន៍ ហើយប្រជាពលរដ្ឋ ក៏ដូច្នេះដែរ ពួកគាត់សប្បាយចិត្ត ព្រោះមិនបាច់ធ្វើដំណើរឆ្ងាយ ហើយបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានយើង» ។

ទន្ទឹមជាមួយគ្នាអ៊ុស្រី វ៉ែន ហឿន ប្រជាពលរដ្ឋចាស់វស្សាក្នុងភូមិរ៉ា ឃុំត្រាចទង បានឲ្យដឹងដែរថា អ៊ុស្រីត្រេកអរ និងត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ការធ្វើរោងចក្រក្នុងមូលដ្ឋានរបស់ខ្លួន ។ អ៊ុស្រីថា «សព្វថ្ងៃយើងឃើញមានតែការពុះដីឡូដិ៍ នៅក្បែររ៉ាត្រាចទង ហើយមានអ្នកចេញចូលរកទិញច្រើន តែបើរោងចក្រមកធ្វើនៅទីនេះទៀត ខ្ញុំកាន់តែសប្បាយចិត្ត ព្រោះខ្ញុំចង់ឃើញមានការអភិវឌ្ឍ មានការងារធ្វើ ពិសេសមានការសង់ផ្ទះ និងវីឡាធំៗ នៅភូមិរបស់ខ្ញុំ » ។

គួរដឹងថា ដោយសារកត្ដាសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ក្នុងរាជធានីភ្នំពេញ ត្រូវផ្លាស់ប្ដូរទីតាំងទៅជាយក្រុង តាមផ្លូវក្រវាត់ក្រុងទី៣ ដើម្បីរក្សានូវសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ ក្នុងទីក្រុង ។

កត្ដានេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជាយក្រុង ពិសេសពលរដ្ឋឃុំត្រាចទង ស្រុកឧដុង្គ មានការសប្បាយចិត្ត ត្រូវភូមិ-ឃុំពួកគេ ត្រូវបានអ្នកអ្នកជំនាញចាត់ទុក ជាទីតាំងភូមិសាស្ដ្រដ៏ល្អ សម្រាប់ការសាងសង់រោងចក្រ និងសហគ្រាសផ្សេងៗ ព្រោះងាយស្រួលដឹកជញ្ជូន ដោយនៅក្បែរផ្លូវ៥១ តំបន់ក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិធំៗ ៤ខ្សែ ពិសេសផ្លូវដែក(រ៉ាត្រាចទង) ដែលអាចតភ្ជាប់ពីភ្នំពេញ ទៅថៃ និងវៀតណាមជាដើម ៕

Facebook Comments

To Top