ព័ត៌មានជាតិ

លោក គួច ចំរើន ជំរុញក្រុមហ៊ុន អានកូ បង្កើនសមត្ថភាពផលិតទឹកស្អាត ដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ ៖ ដោយមើលឃើញ ក្រុងព្រះសីហនុ នៅតែប្រឈមខ្វះខាតទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃ មិនថារដូវប្រាំងឬវស្សា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បង្កើនសមត្ថភាពផលិតទឹកស្អាត មកខាងអង្គភាពរដ្ឋាករទឹក តាមតម្រូវការប្រើប្រាស់ ប្រជាពលរដ្ឋបន្ថែមទៀត ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំ ពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាត ប្រើប្រាស់ជូនប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ ប្រចាំថ្ងៃ ទោះរដូវភ្លៀង ក៏ដោយ តែតំបន់មួយចំនួន នៅតែប្រឈមខ្វះខាត ទឹកស្អាតប្រើប្រាស់ដដែល ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះ មិនមានទឹកស្អាតប្រើប្រាស់ គ្រប់គ្រាន់ប្រចាំថ្ងៃ ។

លោកអភិបាលខេត្ត ជំរុញក្រុមហ៊ុន អានកូ បង្កើនសមត្ថភាពផលិតទឹកស្អាត ផ្តល់មកខាងអង្គភាពរដ្ឋាករទឹក ខេត្តព្រះសីហនុ ដើម្បីបន្តចែកចាយ ជូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុឲ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម នៅពេលបច្ចុប្បន្ន ។ ដោយសាររយៈពេលពីរឆ្នាំ ចុងក្រោយនេះ កំណើនការអភិវឌ្ឍ ក្នុងក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក កំណើននៃការប្រើប្រាស់ទឹកស្អាត មានការកើនឡើងផងដែរ ដែលទាមទារក្រុមហ៊ុនបង្កើនការ ផលិតនិងចែកចាយ បន្ថែមអាងស្តុប ដើម្បីឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ទឹកស្អាត នាពេលបច្ចុប្បន្ន និងទៅអនាគត ។

ជាមួយគ្នានោះ លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ បានប្រាប់ថា ក្រុមហ៊ុនបាននិងកំពុងបង្កើន ការតបណ្តាញទុយោមេ មានមុខកាត់ចាប់ពី ៤០០ រហូតដល់ ៦០០ ជាច្រើនខ្សែ និងបង្កើនការសាងសង់ អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគីប និងបន្តចែកចាយទឹក មករដ្ឋាករទឹកខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ ក្នុងឆ្នាំ២០១៦ និង ៣៥.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៩ នេះ ៕ ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top