នយោបាយ

លោក ប៉ាង ងួនទៀង ៖ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនិយាយអ្វី កុំឲ្យហួសពីការពិត

ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ាង ងួនទៀង ដែលជាមនុស្សស្និតជាមួយ លោក កឹម សុខា បានលើកជាសំណើ ទៅកាន់លោក សម រង្ស៊ីថា ធ្វើជាមេដឹកនាំប្រឆាំងកុំនិយាយអ្វី ឲ្យហួសពីការដែលខ្លួនឯងធ្វើមិនបាន។ នេះជាការដកស្រង់សំដី របស់លោកប៉ាង ងួនទៀង ក្នុងកិច្ចសំភាសន៍ ជាមួយកាសែតខេមបូឌាដេលី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ន័យដែលលោកនិយាយថា កុំនិយាយហួសពីការគឺត្រង់ថា លោកសម រង្ស៊ី បានអះអាង នៅចំពោះអ្នកគាំទ្រ នៅប្រទេសបារាំងថា នឹងមានអ្នកអមដំណើរ មកជាមួយលោកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ប្រមាណជា១លាននាក់។ ចំនួនត្រូវបានលោកប៉ាង ងួនថា ជាចំនួនដ៏ច្រើនលើសលុប ដែលមិនអាចឲ្យយន្តហោះ ដឹកពួកគាត់មកស្រុកខ្មែរបានទាំអស់នោះ ខណៈយន្តអាចផ្ទុកបានពី ១០០ទៅ២០០នាក់ប៉ុណ្ណោះ ចុះទម្រាំ១លាននាក់ នឹងប្រើយន្តរាប់រយគ្រឿងហើយ ។

លោកបញ្ជាក់ថា “អ្វីដែលខ្ញុំចង់និយាយនោះ ធ្វើមេបក្សប្រឆាំង កុំនិយាយអ្វីហួសពីការពិត ហើយកុំនិយាយហួសពីសមត្ថភាព ។ អីចឹងយើងនិយាយត្រឹមលទ្ធភាពណា ដែលយើងអាចធ្វើបាន ដើម្បីរក្សាលំនឹង ពីការគាំទ្ររបស់ពលរដ្ឋ” ។

ប្រធាន CCIM ក៏បានលើកពីសេណារីយ៉ូ នៃការវិលចូលស្រុក ឬមិនចូលស្រុករបស់លោក សម រង្ស៊ីផងដែរ។ ក្នុងនោះលោកថា បើលោកពិតជាចូលស្រុក តាមការសន្យាមែន នាថ្ងៃ៩ វិច្ឆិកា លោកពិតជាអ្នកក្លាហាន។ ប៉ុន្តែបើមិនចូលទេ លោកនឹងធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងដកសេចក្តីទុកចិត្តហើយ។

លោក ប៉ាង ងួនទៀង ក៏បានលើកពីសេណារីយ៉ូ អំពីការមិនវិលមកវិញ របស់លោកសម រង្ស៊ី ធ្វើឡើងតាមរយៈរូបភាពដូចជា មកដល់នៅប្រទេសក្បែរខាងហើយ អាចថតជារូបភាព នៅព្រលានយន្តហោះទាំងនោះប្រា ប់អ្នកគាំទ្រពីការខកខាន ដោយមូលហេតុអីចេះ អីចុះហើយ។

លោកក៏បានលើកឡើង ពីភាពប៉ុនប្រសព្វរបស់ លោក សម រង្ស៊ី ក្នុងការមានសក្តានុពលលើនិយាយ ដើម្បីឲ្យអ្នកគាំទ្រពេញចិត្ត និងចូលចិត្ត ។ លោកក៏បានប្រដូចលោក សម រង្ស៊ីទៅសម្តេចក្រុមព្រះថា បើប៉ុនតែខាងនិយាយធ្វើឲ្យពលរដ្ឋស្តាប់ ប៉ុន្តែពលរដ្ឋនឹងលែងទុកចិត្តហើយ ។

ជាមួយគ្នានេះ លោកបានបង្ហាញពីសមត្ថភាព របស់លោក កឹម សុខា ដែលប៉ុនប្រសព្វ ក្នុងការចុះតាមមូលដ្ឋានផងផងដែរ ៕

Facebook Comments

To Top