នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា នឹងផ្ញើដីកាចាប់ខ្លួន សម រង្ស៊ី ទៅប្រទេសអាស៊ាន ខណៈនាយករដ្ឋមន្រ្តីឡាវ មិនអនុញ្ញាតឲ្យបុគ្គលនេះ ឆ្លងមកកម្ពុជា (វីដេអូ)


ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងផ្ញើសាលដីកា ចាប់ខ្លួនទណ្ឌិតសម រង្ស៊ីឲ្យប្រទេស ជាសមាជិកអាស៊ាន ខណៈបានផ្ញើដីកាចាប់ខ្លួនទៅភាគីថៃ និងឡាវរួចរាល់ហើយ ។
តបសំណើររបស់សម្តេចតេជោ ក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នា ក៏ដូចជាស្ថិតនៅក្នុងប្រទេស ជាសមាជិកអាស៊ាន នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត បានបញ្ជាក់យ៉ាងដាច់ខាតថា មិនឲ្យបុគ្គល សម រង្ស៊ីប្រើប្រាស់ទឹកដីឡាវ ឆ្លងចូលមកកម្ពុជាឡើយ ។

ការថ្លែងរបស់សម្តេចតេជោបែបនេះ ក្រោយពីមានអ្នកវិភាគម្នាក់ ដែលបានតាំងខ្លួនជាបណ្ឌិតអះអាងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានទៅឡាវ ដើម្បីទៅពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ ក្នុងការធានាស្វះស្វែងមិនឲ្យលោក សម រង្ស៊ី ប្រើប្រាស់ទឹកដីឡាវដើម្បីឆ្លងចូលកម្ពុជា ។ នេះគឺជាចំណុចមួយដែលឡាវចាប់កម្ពុជា ធ្វើជាចំណាប់ខ្មាំងជាថ្នូរនឹងបញ្ហាព្រំដែន ហើយ កម្ពុជាព្រម ឡាវនឹងផ្តល់ឱកាសឲ្យបុគ្គលសម រង្ស៊ីចូលមកតាមច្រកឡាវ។

ក្នុងសន្និសីទរួមគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជានិងឡាវ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចតេជោ បានលើកឡើងថា សម្ដេចនឹងបញ្ជូនសាលដីការតុលាការ ទៅកាន់បណ្ដាប្រទេសទាំងអស់ ក្នុងក្របខណ្ឌអាស៊ាន ដើម្បីចាប់ខ្លួនលោកសម រង្ស៊ីដែលបានជាប់បណ្ដឹងជាច្រើននៅតុលាការ ប្រសិនបើទណ្ឌិតនេះ ប្រើប្រាស់ទឹកដីអាស៊ានណាមួយធ្វើជាឈ្នាន់ចូលមកកម្ពុជា។

សម្តេចតេជោបញ្ជាក់ថា “យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ក្នុងក្របខណ្ឌអាស៊ានរបស់យើង ។ ចឹងសុំធ្វើតាមចំណង់របស់ខ្លួនទៅចុះ”។

សម្តេចតេជោបានឲ្យដឹងទៀត មានបណ្ឌិតម្នាក់បានធ្វើការសន្និដ្ឋានទុកជាមុនថា លោក សម រង្ស៊ី នឹងប្រើប្រាស់វិធីសាស្រ្តចូលទៅក្នុងទឹកដីឡាវ ដើម្បីលួចចូលមកកម្ពុជា ប៉ុន្តែករណីនេះ មិនអាចទៅរួចនោះទេ ។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំសូមប្រាប់លោកបណ្ឌិតឲ្យបានជ្រាប សារព័ត៌មានដែលបាន សម្ភាសន៍ជាមួយលោកបណ្ឌិត ត្រូវបានបញ្ចូនមកខ្ញុំ។ ត្រង់សារព័ត៌មាននោះចុះផ្សាយ ឬមិនចុះផ្សាយ គឺជារឿងសារព័ត៌មានទេ។ ក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យលោកបណ្ឌិត មានការខុសឆ្គងតទៅទៀត ជាមួយឥរិយាបថរបស់ឡាវ ឬជាមួយឥរិយាបថរបស់ថៃ ឬឥរិយាបថរបស់វៀតណាម ឬឥរិយាបថនៅក្នុងចំណោមប្រទេសអាស៊ាននោះទេ” ។

សម្ដេចតេជោបន្ថែមថា “សុំទោសចំពោះលោកបណ្ឌិត គួរតែរៀនឲ្យបានច្រើន បន្តិចអំពីទំនាក់ទំនងរវាងប្រទេសនិងប្រទេស ហើយលោកបណ្ឌិតគួរតែរៀនឲ្យចេះដឹងច្រើនបន្តិច អំពីគោលការណ៍អាស៊ាន ស្ដីពីការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ។ កម្ពុជានឹងឡាវមានទំនាក់ទំនងគ្នាល្អណាស់” ។

នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា មិនមែនមានតែឡាវមួយឡើយ ដែលមិនអនុញ្ញាតឲ្យលោកសម រង្ស៊ីចូលទឹកដីខ្លួន សូម្បីភាគីថៃក៏ដូចគ្នាដែរ ។ ដោយរដ្ឋាភិបាលថៃ បានទទួលរួចទៅហើយនូវសាដីការ របស់តុលាការកម្ពុជា ដើម្បីចាប់ខ្លួនជនណា ដែលមានសាលដីការពីតុលាការកម្ពុជា ។
ជាការឆ្លើយតបនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត បញ្ជាក់យ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យលោក សម រង្ស៊ីប្រើប្រាស់ទឹកដីឡាវចូលមកកម្ពុជាឡើយ។ លោកបានបដិសេធចំពោះការចោទប្រកាន់ទាំងឡាយនោះផងដែរ។

លោកបានសង្កត់ធ្ងន់ថា “បុគ្គលណាដែលមានទោសចូលមកប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដែលយកប្រទេសឡាវ ធ្វើជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញ ប្រទេសផ្សេងនោះ យើងនឹងដំណើរការ យើងនឹងធ្វើការយ៉ាង ម៉ត់ចត់ មិនឲ្យកើតមានបញ្ហានេះឡើង” ។

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីឡាវក៏បានផ្តាំផ្ញើទៅបណ្ឌិត ដែលនិយាយថា លោកសម រង្ស៊ីឆ្លងមកចូលឡាវនោះ កុំនិយាយបន្តទៀតដែលធ្វើឲ្យកម្ពុជា-ឡាវមិនចុះសម្រុងនឹងគ្នា៕ ដោយ៖ធី លីថូ

Facebook Comments

To Top