អន្តរជាតិ

ថ្ងៃគម្រប់ខួប9/11 មេដឹកនាំអាល់កៃដា ប្រកាសប្រមូលក្រុមមូស្លីម វាយប្រហារអាមេរិកម្តងទៀត

បរទេស:ជាហេតុការណ៍ ដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលមេដឹកនាំអាល់កៃដា លោក Ayman al-Zawahri បានចេញមុខមកធ្វើការអំពាវនាវ កាលពីថ្ងៃពុធម្សិលមិញ ឱ្យប្រជាជនម៉ូស្លីមទាំងឡាយ នាំគ្នាចូលរួមក្នុងការវាយប្រហារ សំដៅលើសហរដ្ឋអាមេរិក អ៊ឺរ៉ុប អ៊ីស្រាអែល និងរុស្ស៊ី។ វាគឺជាសុន្ទរកថាមួយ ដែលបានធ្វើឡើង នៅចំខួបលើកទី ១៨ នៃការវាយប្រហារភេរវកម្ម ៩/១១នៅអាមេរិក។

SITE Intelligence Group ដែលតាមដានសកម្មភាព តាមអ៊ិនធឺណេតរបស់ក្រុមជីហាដមួយនេះ បានរាយការណ៍ថា នៅក្នុងវីដេអូដែលចេញផ្សាយ ដោយក្រុមសកម្មប្រយុទ្ធនោះ លោកAyman al Zawahri ដែលមានអាយុ៦៨ឆ្នាំ ក៏បានរិះគន់ផងដែរថា ជាការដើរថយក្រោយ នៃក្រុមជីហាដ ដោយសំដៅទៅលើអតីតសមាជិកជីហាដ ដែលបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេ នៅក្នុងពន្ធនាគារ ហើយបានហៅថា ការវាយប្រហារ ៩/១១ មិនអាចទទួលយកបានទេ ពីព្រោះជនស៊ីវិលស្លូតត្រង់ ត្រូវបានគេធ្វើបាបនោះ។

គួររំលឹកដែរថាការប្លន់យន្តហោះ របស់ក្រុមអាល់កៃដា ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ បានសម្លាប់មនុស្សជិត ៣.០០០ នាក់ ក្រោយពេលដែលយន្ដហោះ បានហោះទៅបំបុកអគារមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោក និងមន្ទីរប៉ង់តាហ្គោន និងមួយផ្សេងទៀត បានធ្លាក់នៅតាមជនបទ នៃរដ្ឋ Pennsylvania៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top