នយោបាយ

នាយករដ្ឋមន្រ្តីខ្មែរ ៖ កម្ពុជា-ឡាវ នឹងរៀបចំសន្ធិសញ្ញាព្រំដែនឡើងវិញ ហើយនឹងដូរបង្គោលថ្មី ក្រោយមានភាពមិនច្បាស់លាស់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា-ឡាវ បានព្រមព្រៀងគ្នារៀបចំ សន្ធិសញ្ញាព្រំដែនពាក់ព័ន្ធ ទៅសមិទ្ធផល ដែលសម្រេចបាន ៨៦% និងព្រមព្រៀង ដូរបង្គោលព្រំដែនចាស់ ដែលមានទំហំតូចឲ្យមកធំវិញ នាពេលឆាប់ៗខាងមុខនេះ ។

ការអះអាង របស់សម្តេចតេជោនេះ ក្រោយពីលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១២-១៣កញ្ញា ។ ដំណើរទស្សនកិច្ចនេះ ក្រៅពីពង្រឹងទំនាក់ទំនង និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ៗចំនួន៥ ក៏បានពិភាក្សាលើបញ្ហាព្រំដែន នៅសេសសល់ ដែលនេះ គឺជាប្រធានបទសំខាន់ ក្នុងការពិភាក្សា រវាងនាយករដ្ឋមន្រ្តីទាំងពីរ ដូចតាមការគ្រោងទុក រវាងភាគីទាំងពីរ ខណៈបញ្ហាព្រំដែន នៅតែមានភាពមិនច្បាស់លាស់ ។

ព្រំដែនកម្ពុជា-ឡាវ បានជួបភាពតានតឹងខ្លាំង កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ ដោយសារយោធាឡាវ បានចូលមកឈរជើង នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ក៏បានយល់ព្រម ប្រគល់ភារកិច្ច ឲ្យប្រមុខការទូតទាំងពីរ ធ្វើកិច្ចការងារទៅលើ បែបបទបច្ចេកទេស ដើម្បីផ្ញើលិខិត ទៅប្រធានាធិបតីបារាំង លោក ម៉ាក្រុង ឲ្យផ្ដល់ផែនទីបោនខ្នាត ១លើ១០០ពាន់ មកផែនទីខ្នាត ១លើ៥០ពាន់ ដើម្បីវាស់វែងព្រំដែន ឈានទៅបញ្ចប់បញ្ហាជម្លោះព្រំដែន តាមអ្វីដែលជាគោលបំណង របស់ថ្នាក់ដឹកកំពូល ប្រទេសទាំងពីរចង់បាន ដើម្បីបំពេញតម្រូវការផ្នែកសន្តិសុខ ដល់ពលរដ្ឋតាមបណ្តោយព្រំដែន។ ប៉ុន្តែហាក់មិនទទួលបានផ្លែផ្កាអ្វីឡើយ ទើបនាយករដ្ឋមន្រ្តី បានកំណត់ពេលជួបគ្នាម្តងទៀត លើទឹកកម្ពុជា នាព្រឹកថ្ងៃទី១២ កញ្ញា ដោយសម្រេចលទ្ធផលល្អមួយ ចំនួនផងដែរ បន្ទាប់ខ្វែងគំនិតគ្នា។

ក្នុងសន្និសីទរួមគ្នា រវាងនាយករដ្ឋមន្រ្តីឡាវ លោក ថង លូនស៊ីស៊ូលីត នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោយបញ្ចប់កិច្ចសន្ទនាជាច្រើនម៉ោង សម្ដេចតេជោ បានបញ្ជាក់ថា «ទាក់ទងជាមួយបញ្ហាព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នា ដើម្បីធ្វើការរៀបចំ ឲ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅសមិទ្ធផល ដែលសម្រេចបាន ៨៦% ។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលពីមុនព្រំដែន ប្រទេសទាំងពីរ ពុំមានភាពច្បាស់លាស់នោះទេ ។ យើងក៏បានព្រមព្រៀងគ្នា ដូរបង្គោលព្រំដែន ព្រោះបច្ចុប្បន្ននៅមានទំហំតូចណាស់ ហាក់ដូចជាបង្គោលព្រំដីរវាងប្រជាជន និងប្រជាជន មិនសមជាបង្គោលព្រំដែនខណ្ឌសីមា រវាងរដ្ឋនិងរដ្ឋទេ» ។

ជាមួយគ្នានេះ សម្ដេចបន្តថា ភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ច ឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ គូសប្លង់យកទៅ ឆ្លងនាយករដ្ឋមន្ត្រីទាំងពីរ ហើយព្រមព្រៀងគ្នា ចែកការចំណាយ ៥០% ម្នាក់ នៃការផលិតបង្គោលថ្មី ជំនួសឲ្យបង្គោសចាស់ដែលមានទំហំតូច ។ ដោយសារតែបង្គោលព្រំដែន មានចំនួនតិច ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា ដើម្បីឈានទៅសម្រេច បោះបង្គោលព្រំដែនបន្ថែមទៀត ។

សម្ដេចតេជោបន្ថែមថា ភាគីទាំងពីរក៏បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនទំាងពីរ ដើម្បីរួមគ្នាព្រាង ឲ្យបានឆាប់បំផុត នូវសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែន ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរ បានកំណត់ខណ្ឌសីមា រួចរាល់ចំនួន ៨៦% នៃខ្សែបន្ទាត់។

សម្ដេចគូសបញ្ជាក់ថា ចំពោះបញ្ហាព្រំដែន នៅសេសសល់ ១៤% ទៀត នាយករដ្ឋមន្ត្រីទាំងពីរ បានប្រគល់ភារកិច្ច ឲ្យក្រសួងការបរទេសទាំងពីរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយ ។ បញ្ហានេះសម្តេចមានសុទិដ្ឋិនិយមថា នឹងឈានទៅរកការដោះស្រាយ ក្នុងពេលវេលាមួយសមស្រប ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ភាពជាអ្នកជិតខាងល្អ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីថ្លែងទៀតថា ចំពោះកំណាត់ព្រំដែន នៅសេសសល់មិនទាន់ខណ្ឌសីមា ភាគីទាំងពីរបានព្រមព្រៀងគ្នា នឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយ ដោយសនិ្តវិធីឲ្យបានឆាប់បំផុត ។ ភាគីទាំងពីរក៏បានឯកភាព ប្រគល់ភារកិច្ចជូន គណៈកម្មការចម្រុះខណ្ឌសីមា ពិភាក្សាគ្នាពីការដាំបង្គោលព្រំដែន បន្ថែមលើកំណាត់ព្រំដែន ចំនួន ៨៦% និងផលិតផែនទីព្រំដែន ដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរ បានទទួលយកសម្រាប់ ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា។

ចំណែកនាយករដ្ឋមន្រ្តីឡាវ ក៏បានលើកឡើង ស្រដៀងនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំឯកភាពទៅនឹងប្រសាសន៍សម្ដេចតេជោ ថាយើងបានពិភាក្សាគ្នា ដោះស្រាយបញ្ហាព្រំដែន ឲ្យចេញជាផ្លែផ្កាបោះជំហ៊ានឈានទៅមុខ សំខាន់បំផុត ៨៦% ដែលយើងបានកំណត់ខ្សែព្រំដែន ជាមួយគ្នាកន្លងមក យើងនឹងធ្វើឲ្យមានបង្គោលព្រំដែនល្អ ។ បង្គោលណាមិនទាន់បានបោះ ត្រូវគូសប្លង់បង្គោលនោះឲ្យធំជាងមុន ហើយខ្ញុំស្នើឲ្យភាគីកម្ពុជា ជាអ្នកគូសប្លង់ ដើម្បីឲ្យនាយករដ្ឋមន្ត្រីទាំងពីរ ទទួលយកបាន» ៕ ដោយ៖ ខា ដា

Facebook Comments

To Top