ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាលុបបំបាត់ អំពើហិង្សាលើកុមារ ឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននិងកំពុង បន្តចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ និងការធ្វើឲ្យកាន់តែប្រសើរឡើង នូវការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិ(UN) ស្តីពីសិទ្ធិកុមារនិងសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពបើកកម្មវិធីប្រកាសកម្ពុជា ជាប្រទេសសមាជិកដៃគូសកល ដើម្បីបញ្ចប់ហិង្សាលើកុមារ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការថា បានក្លាយខ្លួនជាសមាជិក នៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នៅចំពោះមុខវត្តមាន របស់អ្នកពាក់ព័ន្ធសំខាន់ៗ និងបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា បញ្ចប់អំពើហិង្សាលើកុមារ ។

លោកស្រីបន្តថា “ព្រឹត្តិការណ៍មួយនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ និងការធ្វើឲ្យកាន់តែប្រសើរឡើង នូវការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារនិងសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

លោកស្រីថា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ តម្រូវឲ្យមានទំនួលខុសត្រូវរួមគ្នា និងការកៀងគរ អ្នកពាក់ព័ន្ធទាំងអស់ ធ្វើទៅតាមបទដ្ឋានជាតិ ដែលមានជាធរមាន រួមទាំងអនុសញ្ញា របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ ឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរ ។

ក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងដែរថា ក្នុងទិសដៅឆ្លើយតប បញ្ហាអំពើហិង្សាលើកុមារ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេស សម្រាប់កុមារ ដើម្បីអាចឲ្យកុមារ រស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញ នូវវិធានការជាច្រើន។

លោកបន្តថា កម្ពុជាបានក្លាយជាប្រទេស ឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ធ្វើការអង្កេតសិក្សាស្រាវជ្រាវ ពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ក្នុងការកំណត់ពីទំហំវិសាលភាព ការផ្តល់ភស្តុតាងជាក់លាក់ នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្តដែលបានជួបប្រទះ និងកំពុងជួបបញ្ហាប្រឈម។

ចំណែកលោកស្រី គ្រីស្មៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ កិច្ចការពារកុមារ ពីអំពើហិង្សាគ្រប់រូបភាព ត្រូវបានចែងក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ។

លោកស្រីបន្តថា “ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាជំហ៊ានដ៏មានសារសំខាន់ ដើម្បីឆ្ពោះទៅសម្រេច សិទ្ធិរបស់កុមារកម្ពុជាគ្រប់រូប ដើម្បីឲ្យពួកគេអាចធំដឹងក្តី ប្រកបដោយសុវត្ថិភាព និងទទួលបានការការពារ។ គ្មានហេតុផលណាមួយនាំឲ្យពួកគេ ត្រូវប្រព្រឹត្តអំពើហិង្សា លើកុមារឡើយ ហើយអំពើហិង្សាលើកុមារ គឺជាទង្វើ ដែលមិនត្រូវអត់ឱនឲ្យជាដាច់ខាត។ ការបញ្ចប់អំពើហិង្សាលើកុមារ គឺជាសកម្មភាព ដែលអាចធ្វើទៅបាន ហើយការបញ្ចប់អំពើហិង្សាលើកុមារ គឺជាការទទួលខុសត្រូវរួម របស់យើង”។

សូមបញ្ជាក់ថា កម្ពុជាមានកុមារជាងពាក់កណ្តាល ក្នុងចំណោមកុមារទាំងអស់ បានទទួលរងអំពើហិង្សា យ៉ាងហោចណាស់ក្នុងមួយទម្រង់ មុនពេលពួកគេ ឈានដល់អាយុ ១៨ឆ្នាំ៕ ដោយ៖ធី លីថូ

Facebook Comments

To Top