ព័ត៌មានជាតិ

ក្រុមហ៊ុនកីឡាចិន បង្ហាញសញ្ញាណ វិជ្ជមានជួយកម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ កាលពីថ្មីៗនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន China Sports International ចូលជួបសំណេះសំណាល ដើម្បីជជែក និងផ្លាស់ប្ដូរបទពិសោធន៍មួយចំនួន ជុំវិញដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ហើយក្រុមហ៊ុនកីឡាអន្ដរជាតិចិននេះ ក៏បានបង្ហាញសញ្ញាណ វិជ្ជមានជួយកម្ពុជាផងដែរ ។

លោក Lu Guoguang នាយកចាត់ការទូទៅក្រុមហ៊ុន China Sports International បានបញ្ជាក់ថា បានវាយតម្លៃខ្ពស់ ចំពោះផែនការមេស៊ីហ្គេមរបស់កម្ពុជា គួបផ្សំរជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យ គឺពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដ៏មានអំណោយផល និងសក្ដានុពលមួយចំនួនទៀត ។ ហេតុនេះ លោករំពឹងថា កម្ពុជានឹងទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង លើទឹកដីខ្លួន ។

លើសពីនេះ អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិដដែល បានប្ដេជ្ញាជួយកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសជាដើម ។ ការអះអាងនេះ ក៏ព្រោះក្រុមហ៊ុនបានទទួលការណែនាំ និងការជំរុញពីរដ្ឋាភិបាលចិន ក្រោមចំណាយមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដើម្បីរួមចំណែកជួយដល់កម្ពុជា ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ដំណើរការមុន និងក្រោយព្រឹត្តិការណ៍ រួមទាំងការរៀបចំពិធីបើក-បិទការប្រកួតស៊ីហ្គេមទៀតផង ។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ក្រុម China Sports International ដែលបានបង្ហាញឆន្ទៈជួយកម្ពុជា ពិសេសការចែករំលែកចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងដំណើរការត្រៀមរៀបចំ និងក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ នេះគឺជាសញ្ញាវិជ្ជមានមួយ ដែលជំរុញឲ្យកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសជោគជ័យ ទាំងលទ្ធផល និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីតែម្ដង ៕

Facebook Comments

To Top