នយោបាយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល រំពឹងថា ឆ្នាំ២០១៩ GDP សម្រាប់ពលរដ្ឋម្នាក់ កើន១៦៧៩ដុល្លារ (វីដេអូ)


ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញក្តីរំពឹងទុកជាមុនថា កំណើនផលិតផលក្នុងស្រុក សរុបជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) នឹងកើនឡើងដល់ ១៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩ ខណៈឆ្នាំ២០១៨ មានត្រឹមតែ១៥៤៨ដុល្លារ ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានចំណងជើងថា ប្រជាជនកម្ពុជា ទទួលបានផ្លែផ្កា ពីកំណើនសេដ្ឋកិច្ចខ្លួន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា “ស្ថានភាពនៃជីវភាពប្រជាជនកម្ពុជា ជាទូទៅមានភាពល្អប្រសើរ ដោយសារតែកំណើន ផលិតផលក្នុងស្រុកសរុបជាមធ្យម សម្រាប់មនុស្សម្នាក់ៗ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៦៧៩ដុល្លារក្នុងឆ្នាំ២០១៩ ប្រៀបធៀបទៅឆ្នាំ២០១៨ មាន១៥៤៨ដុល្លារ ។ ចំណែកឯអត្រានៃភាពក្រីក្រ ត្រូវបានកាត់បន្ថយមកក្រោម១០%” ។

ចំពោះស្ថានភាពទីផ្សារការងារនៅកម្ពុជា មានលក្ខណៈវិជ្ជមាន ព្រោះភាពគ្មានការងារធ្វើ ក៏កាន់កម្រិតទាបប្រមាណជា ០,៣%ប៉ុណ្ណោះ ខណៈការងារថ្មីៗជាច្រើនទៀត ត្រូវបង្កើតឡើង ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងសំណង់ ។

ក្នុងនោះ ពលរដ្ឋកម្ពុជាជាង២លាននាក់ រាប់បញ្ចូលទាំងកម្មករ និយោជិត អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន និងជនពិការទទួលបាន ផលប្រយោជន៍ពីបេឡាជាតិ របបសន្តិសុខសង្គម (បសស) និងមូនិធិជនពិការ ក៏ដូចជារបប គោលនយោបាយជនពិការក្រីក្រ នៅតាមសហគមន៍។ គោលនយោបាយនេះ ក៏បានជួយសម្រួល ដល់កម្មករនិយោជិត ដែលមានគ្រោះថ្នាក់ ពេលបំពេញការងារ នៅតាមបណ្តាលសហគ្រាស គ្រឹះស្ថានជាង១៣ពាន់កន្លែង និងមានវិសាលភាព លើកម្មករនិយោជិតប្រមាណ ១,៧លាននាក់។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់តាមខ្ពស់ លើសុខុមាលភាពមាតា និងទារកដែលបានឧបត្ថម្ភ ជូនកម្មករ និយោជិត ជាស្រ្តីសម្រាលកូនប្រមាណ ៩ម៉ឺននាក់។ ជាមួយគ្នានេះ កម្មវិធីសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សរុបជាទឹកប្រាក់៣៦ពាន់លានរៀល ចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០១៩។

ក្រៅពីនោះ រាជរដ្ឋាភិបាលក៏ជួយឧបត្ថម្ភ ផ្នែកមួយចំនួនទៀតដូចជា ការពង្រីកតភ្ជាប់បណ្តាញអគ្គិសនី ដល់មូលដ្ឋាន ភូមិ ឃុំ និងកាត់បន្ថយតម្លៃអគ្គិសនី។

ទន្ទឹមនឹងនេះ ការផ្ទេរធនធានហិរញ្ញវត្ថុ ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ត្រូវបានបង្កើនជាបន្តបន្ទាប់ ក្នុងនោះឆ្នាំ២០១៩ ថវិការាជធានី ខេត្ត មានជិត ៣៦០លានដុល្លារ។ សម្រាប់មូលនិធិក្រុង ស្រុក មានជិត៥០លានដុល្លារ និងមូលនិធិឃុំ-សង្កាត់ មានជំនួយជិត១៣០លានដុល្លារ ហើយកំពុងរៀបចំ បង្កើនមូលនិធិឃុំសង្កាត់ ផ្នែកអភិវឌ្ឍន៍ចាប់ពីឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបង្ហាញការសោកស្តាយ ចំពោះអង្គការមិនមែនរដ្ឋាភិបាលខ្លះ ដែលបានចេញផ្សាយ របាយការណ៍របស់ខ្លួន មិនបានឆ្លុះបញ្ចាំង នូវទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា ៕

Facebook Comments

To Top