អន្តរជាតិ

ការចាកចេញ របស់លោក បូលតុន អាចនាំមកនូវភាព បត់បែន ចំពោះកិច្ចចរចានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ប៉ុន្ដែនៅមានផលប៉ះពាល់

វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគបានឲ្យដឹងកាលពីថ្ងៃពុធថា ការចាកចេញរបស់ទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកលោកចន បូលតុន អាចនាំមកនូវភាពបត់បែន ចំពោះកិច្ចចរចានុយក្លេអ៊ែរ នាពេលខាងមុខជាមួយកូរ៉េខាងជើង ប៉ុន្តែអាចកាត់បន្ថយកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវការរំសាយ អាវុធនុយក្លេអ៊ែរ ទាំងស្រុងរបស់របបនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងសារធ្វីតធ័រកាលពីថ្ងៃអង្គារថាលោកបានបណ្តេញទីប្រឹក្សាសន្ដិសុខជាតិ ហើយលោកនឹងតែងតាំងអ្នកជំនួសម្នាក់នៅសប្តាហ៍ក្រោយ។
លោកបានលើកឡើងពីការមិន ចុះសម្រុងគ្នាយ៉ាងខ្លាំង ជាមួយនឹងសំណូមពរគោលនយោបាយ ការបរទេសជាច្រើនរបស់លោក បូលតុន ។

ការដកតំណែងលោក ចន បូលតុន បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងបន្តកិច្ចពិភាក្សានុយក្លេអ៊ែររបស់ពួកគេនៅចុងខែនេះ បន្ទាប់ពីភាពតានតឹងមួយរយៈ ដែលបង្កឡើងដោយប្រតិកម្មខឹងសម្បារ របស់ក្រុងព្យុងយ៉ាង ចំពោះសមយុទ្ធយោធាកាលពីខែមុនរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top