អន្តរជាតិ

ចិនគំរាមឆ្លើយ តបដោយយោធា ប្រសិនបើនាវា ចម្បាំងអង់គ្លេស ចូលជិតកោះជម្លោះ

បរទេស៖ ប្រទេសចិន បានព្រមានអង់គ្លេស ប្រឆាំងនឹងការបើកនាវាចម្បាំង ចូលតាមដែនទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ដោយនិយាយថា ចំណាត់ការបែបនេះនឹងក្លាយជា“ អរិភាព” ដោយសំអាងថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងត្រូវបង្ខំចិត្តឆ្លើយ តបដោយយោធា។

យោងតាមសារព័ត៌មាន Sky News ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រតិកម្មទៅនឹងការផ្តល់យោបល់ដែលថា ចក្រភពអង់គ្លេសអាច នឹងបញ្ជូននាវាដឹកយន្តហោះរបស់ខ្លួន មកជិតប្រជុំកោះស្ព្រាតលី ដែលមានជម្លោះជាមួយនឹងយន្ដហោះអាមេរិកនៅលើនាវានោះ ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រ ភពអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសមិនគួរធ្វើការងារកខ្វក់នេះសម្រាប់អ្នកដទៃឡើយ។

ថ្លែងទៅកាន់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានការពារជាតិនៅទីក្រុងឡុងដ៍ លោក Liu Xiaoming បានច្រានចោលនូវអំណះអំណាងដែលថា កងទ័ពជើងទឹកអង់គ្លេស នឹងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិទាក់ទងនឹងសេរីភាពនាវាចរណ៍។

លោកថា « សមុទ្រចិនខាងត្បូងគឺជាមហាសមុទ្រដ៏ធំទូលាយវាមានទំហំ ៣ លានគីឡូម៉ែត្រការ៉េ យើងមិនមានការជំទាស់នឹងមនុស្សដែលជិះទូកនៅទីនោះទេ ប៉ុន្តែកុំចូលដែនទឹកចិនក្នុងចម្ងាយ ១២ ម៉ាយល៍។ ប្រសិនបើអ្នកមិនធ្វើវាទេ វាក៏មិនគួរមានបញ្ហាកើតឡើងនោះដែរ។ សមុទ្រចិនខាងត្បូងមានទំហំធំល្មមអាចមាននាវាចរណ៍ដឹកជញ្ជូនដោយសេរី»៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top