ព័ត៌មានជាតិ

ប្រកាសតែងតាំង អភិបាលស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាលស្រុកស្រែអំបិល លោក ហាក់ ឡេង ជាអភិបាលស្រុកបូទុមសាគរ និងលោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបូទុមសាគរ។

ក្នុងពិធីប្រកាស នៅថ្ងៃទី១១ ខែកញ្ញា លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានធ្វើការប្តេជ្ញាចិត្តថា ដោយអនុវត្តន៍ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងថ្នាក់ខេត្តប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ លោកនិងមន្រី្តក្រោមឱវាទខិតខំ ចូលរួមសហការណ៍ជាមួយមន្ត្រីគ្រប់ជំនាញស្ថាប័ន អង្គការជាដៃគូរ ដើម្បីអភិវឌ្ឍន៍ស្រុករបស់ខ្លួនមានភាពរីកចំរើន មានសក្តានុពលគ្រប់ផ្នែកវិស័យ និងឲ្យភូមិឃុំមានសុវត្តិភាព ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការ នយោបាយណាមួយឡើយ។ លោកបានថ្លែងថា លោកខិតខំរក្សាសាមគ្គីភាព រក្សាភាពផ្ទៃក្នុងរបស់សាលាស្រុក ឲ្យបានរឹងមាំរវាងមន្ត្រីខ្លួនឯង។

លោកស្រី មិថុនា ភូថង ថ្លែងថាអភិបាលស្រុកទាំង ២រូប និងអភិបាលរងស្រុកបូទុមសាគរ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ ទៅលើការងារដោយមានការ ទទួលខុសត្រូវខ្ពស់បំផុត និងគោរពតាមច្បាប់លិខិត បទដ្ឋានគតិយុត្តិនានា និងគោលនយោបាយ របស់រាជរដ្ឋាភិបាលអោយបានល្អ មិនត្រូវធ្វើអ្វីតាមចិត្តរបស់ខ្លួនឯងនោះឡើយ។

ដើម្បីពង្រឹងនិងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកស្រីមិថុនា ភូថង សង្កត់ធ្ងន់ថា កាតព្វកិច្ចអភិបាលស្រុក និងអភិបាលរងស្រុកត្រូវ ពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាជាប្រយោជន៍ បម្រើប្រជាពលរដ្ឋតាមតម្រូវការ ហើយធ្វើយ៉ាងណាអភិវឌ្ឍន៍ស្រុក របស់ខ្លួនឲ្យមានហេដ្ឋារចនាសម្ព័ន្ធភាពមានសក្តានុពល បង្កើនធន់ធានមនុស្ស ដើម្បីទាក់ទាញវិស័យទេសចរណ៍ ឲ្យមានកំណើនខ្ពស់ ៕

Facebook Comments

To Top