នយោបាយ

រាជរដ្ឋាភិបាល បញ្ចេញអង្ករ ១ពាន់តោន និងថវិកា២ពាន់លានរៀល ដើម្បីត្រៀមជួយដល់ ពលរដ្ឋ ដែលជួបគ្រោះទឹកជំនន់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចេញ អង្ករចំនួន១.០០០តោន និងថវិកា ចំនួន២.០០០លានរៀល ជូនដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តទាំងឡាយ ដែលប្រឈមនឹងគ្រោះទឹកជំនន់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីនៅថ្ងៃទី១១ កញ្ញានេះបានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ
ត្រូវសហការជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការនាំយកអង្ករនិងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

បន្ថែមពីនេះរាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ នៃបណ្តាខេត្តនានា ដែល ស្ថិតតាមដងទន្លេ ពិសេសខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែលកម្ពស់ទឹកកំពុងលើសកម្រិតប្រកាសអាសន្ន ព្រមទាំងទឹកជំនន់ដោយទឹកភ្លៀងនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាការបាក់ច្រាំង ខ្យល់កន្ត្រាក់ និងហានិភ័យនានា ដែលអាចនឹងកើតឡើង ហើយត្រូវ ត្រៀមជម្លៀសប្រជាពលរដ្ឋ ឱ្យបានទាន់វេលាទៅកាន់ទីទួលមានសុវត្ថិភាព និងត្រយកចិត្តទុកដាក់ខ្ពស់លី
បញ្ហាអនាម័យ ទឹកស្អាត និងសត្វអសិរពិស ក្នុងរដូវកាលទឹកជំនន់ ។

រាជរដ្ឋាភិបាលក៏បានណែនាំ ដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ ថ្នាក់ត្រូវសហការ ត្រៀមផ្ដល់ស្រូវពូជ ជូនដល់ប្រជាកសិករ នៅតាមបណ្តាខេត្តនានា ដែលបានដាំដុះស្រូវវស្សាហើយទទួល ការខូចខាតដោយគ្រោះទឹកជំនន់ ៕

Facebook Comments

To Top