អន្តរជាតិ

អាមេរិកត្រូវការ Huawei ជាជាង Huawei ត្រូវការអាមេរិក

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែកញ្ញានេះ បានឲ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារម្សិលមិញនេះថា អាមេរិកត្រូវការក្រុមហ៊ុន Huawei ច្រើនជាងក្រុមហ៊ុន Huawei ត្រូវការអាមេរិក។

លោក Andy Purdy ប្រធានផ្នែកសុវត្ថិភាព នៃក្រុមហ៊ុន Huawei Technologies USA បានមានប្រសាសន៍ថា ប្រហែល ៣០ ភាគរយ នៃសមាសធាតុនៃផលិតផលសកល របស់ក្រុមហ៊ុន Huawei មានប្រភពមកពីសហរដ្ឋអាមេរិក ហើយកាលពីឆ្នាំមុនក្រុមហ៊ុន Huawei បានចំណាយលុយ ក្នុងចំនួនដល់ទៅ១១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញបច្ចេកវិទ្យា និងគ្រឿងបន្លាស់ ពីក្រុមហ៊ុនចំនួន ១៣០ របស់សហរដ្ឋអាមេរិក។

លោក Purdy បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅខាងក្រៅនៃកិច្ចប្រជុំ របស់សហភាពទូរគមនាគមន៍អន្តរជាតិ ហៅកាត់ថា ITU ជាកិច្ចប្រជុំវិស័យ ទូរគមនាគមន៍ពិភពលោកឆ្នាំ ២០១៩ ថាបើគ្មានការទិញពីក្រុមហ៊ុន Huawei ក្រុមហ៊ុនអាមេរិកទាំងនោះ នឹងត្រូវបាត់បង់ការងារ ហើយច្បាស់ណាស់នឹងអាចប៉ះពាល់ ដល់ការងារចំនួនរហូតទៅដល់ ៤០០០០កន្លែង ជាមិនខានយ៉ាងហោចណាស់៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top