ព័ត៌មានជាតិ

ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បញ្ជាមន្រ្តីក្រោមឱវាទ បន្តចុះបង្ក្រាប មុខសញ្ញាលួច ឆក់ ប្លន់ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញ នៅតែមានសកម្មភាព លួច ឆក់ ប្លន់ លោកឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានបញ្ជានគរបាល ព្រហ្មទណ្ឌទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព រាល់មុខសញ្ញាទាំងឡាយ ដើម្បីដាក់ចេញវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ការអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ង៉ែង ជួ បានថ្លែងថា “ខ្ញុំសូមណែនាំដល់នគរបាលព្រហ្មទណ្ឌទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយដែលអតីតកាល ឬបច្ចុប្បន្នកាលនេះ ធ្លាប់មានសកម្មភាពលួចឆក់ ដើម្បីដាក់ចេញវិធានការអប់រំទប់ស្កាត់ និងតាមដានបង្ក្រាបពេលមុខសញ្ញា ទាំងនេះធ្វើសកម្មភាពឡើងវិញ”។

លោកសង្កត់ធ្ងន់ថា អ្នកជំនាញក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយ (លួច, ឆក់, ប្លន់, ចាក់ជក់, ប្រើប្រាស់គ្រឿងញៀន) ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ឬដីកាស្វែងរកចាប់ខ្លួន (ដោយផ្អែកតាមសាលក្រម ឬសាលដីកាស្ថាពរ) សំដៅរកឃើញមុខសញ្ញាទាំងនោះ ដើម្បីធ្វើការបង្ក្រាប ឬក្តាប់បានពីការរត់គេចខ្លួនជាបុគ្គល ឬជាគ្រួសារ ដើម្បីមានវិធានការស៊ើបអង្កេតស្រាវជ្រាវឲ្យបានម៉ត់ចត់។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានកត់សម្គាល់ឃើញថា បើទោះបីបទល្មើសជារួមមានការកើនឡើងមែន ប៉ុន្ដែការបង្ក្រាបក៏មានប្រសិទ្ធភាព ដោយរួមដៃគ្នាយ៉ាងស្អិតរមួតពីកម្លាំងគ្រប់អង្គភាព ដែលមានការពាក់ព័ន្ធទាំងអស់ ហើយនេះក៏ជាមោទកភាពចំពោះកងកម្លាំងទាំងអស់ផងដែរ។

លោកក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់បន្ថែមទៀត សំដៅកាត់បន្ថយរាល់គ្រប់បទល្មើស ដែលអាចកើតមានឡើង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ចំណែកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលជំនាញយុត្តិធម៌ ដែលបានបំពេញការងារយ៉ាងសកម្ម ដោយសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធទាំងអស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានក្រុមលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសក្នុងខែសីហា បានកើតឡើង ចំនួន៦៣ករណី ប៉ុន្ដែដោយមានកិច្ចខិតខំប្រឹងប្រែងពីកម្លាំងគ្រប់អង្គភាពទាំងអស់ សហការគ្នាបង្ក្រាបបាន ចំនួន៥០ករណី ចាប់ខ្លួនជនសង្ស័យបាន៦៤នាក់ ស្មើនឹង៧៩ភាគរយ៕ ដោយ៖ធី លីថូ

Facebook Comments

To Top