អន្តរជាតិ

បេក្ខជនដែលមានសក្តានុពល ១០រូប ដែលនឹងត្រូវជំនួសតំណែង លោក John Bolton

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយ បានដកស្រង់ប្រភពព័ត៌មានជាច្រើនថា សេតវិមានកំពុងពិភាក្សា អំពីបេក្ខភាពចំនួន ១០ រូប ដើម្បីជំនួសតំណែង ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton ដែលត្រូវបានបណ្តេញចេញ កាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា លោកបានស្នើសុំឱ្យលោក Bolton លាឈប់ ពីបញ្ហាមិនចុះសម្រុង នឹងគោលនយោបាយ ដោយនិយាយថា លោកនឹងតែងតាំងអ្នកជំនួសលោក នៅសប្តាហ៍ក្រោយ។ លោក Charles Kupperman អនុប្រធានរបស់ Bolton ត្រូវបានតែងតាំង ជាទីប្រឹក្សាសន្តិសុខជាតិ ស្តីទី រហូតដល់អ្នកជំនួសជាអចិន្ត្រៃយ៍។

ក្នុងចំណោមបេក្ខជន ដែលអាចធ្វើបាន រួមមានតំណាងពិសេសសហរដ្ឋអាមេរិក សម្រាប់អ៊ីរ៉ង់ លោក Brian Hook , អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Ricky Waddell និងអ្នកតំណាងពិសេសកូរ៉េខាងជើង លោក Stephen Biegun ។ ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមទៀតថា អ្នកចុងក្រោយ ក៏កំពុងត្រូវបានពិចារណា ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស បន្ទាប់ផងដែរ។

បេក្ខជនផ្សេងទៀត គឺជាទីប្រឹក្សាសន្តិសុខជាតិ នៃប្រធានបុគ្គលិកស្តីទី លោក Mick Mulvaney Rob Blair ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាល្លឺម៉ង់ លោក Richard Grenell , ឯកអគ្គរដ្ឋទូតប្រចាំនៅហូឡង់ Pete Hoekstra និងលោក Jack Keane ដែលជាឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍ , ទីប្រឹក្សាសន្តិសុខជាតិ របស់លោកអនុប្រធានាធិបតី Mike Pence គឺលោកKeith Kellogg ។

លើសពីនេះទៀតលោក Douglas Macgregor ដែលជាវរសេនីយ៍ឯក កងទ័ពចូលនិវត្តន៍សហរដ្ឋអាមេរិក និងលោក Fred Fleitz ដែលជាអតីតប្រធានបុគ្គលិក របស់លោក Bolton នៅក្រុមប្រឹក្សាសន្តិសុខជាតិ ក៏មានឈ្មោះនៅក្នុងបញ្ជីនោះដែរ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top