ព័ត៌មានជាតិ

សំរាមនៅក្រុងបាវិត កើនជាង៣០០តោន ក្នុងមួយថ្ងៃ អាជ្ញាធរខេត្ត ពិភាក្សា រកដំណោះស្រាយ

ស្វាយរៀង ៖ បច្ចុប្បន្នកំណើន ការហូបចុក និងប្រើប្រាស់សម្ភារៈផ្សេងៗ ពីប្រជាពលរដ្ឋនៅក្រុងបាវិត កើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យមានសំរាម ប្រមាណជាង៣០០តោនក្នុងមួយថ្ងៃ ជាមូលហេតុដែលអាជ្ញាធរ និងអង្គភាព ដែលពាក់ពន្ធ័រកដំណោះស្រាយ ត្រូវបង្កើតទីលានញែកសំរាមបន្ថែម ។

ពាក់ពន្ធ័ទៅនិងបញ្ហាសំរាម នៅក្រុងបាវិតកើនឡើង នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រជុំពិភាក្សាការងារជាមួយប្រតិភូ ក្រសួងសាធារណការ និងតំណាងគំរោងធនាគារអភិវឌ្ឍអាស៊ី (ADB)ស្តីពីការគ្រប់គ្រង និងបណ្តុះបណ្តាល សម្រាប់ទីលានញែកសំរាម(MRF)ក្រុងបាវិត ដែលមានការចូលរួម ពីលោកហែម ពិសិដ្ឋ អភិបាលរងខេត្ត និងមន្ត្រីដែលពាក់ពន្ធ័ជាច្រើនរូប។

លោកហែម ពិសិដ្ឋ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការសាងសង់ទីលានញែកសំរាម នៅក្រុងបាវិត ដែលជាជំហានដំបូង ដ៏មានសារៈសំខាន់ ក្នុងការកែលម្អ ការគ្រប់គ្រងសំណល់រឹង ទីលាននេះនឹងកាត់បន្ថយសំរាម និងភាពរំខានដូចជាក្លិនមិនល្អ និងការបំពុលបរិស្ថានផ្សេងៗ លើសពីនេះទីលានញែកសំរាម និងផ្តល់ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ឲ្យមានការកែច្នៃ និងការប្រើប្រាស់ឡើងវិញ នូវសម្ភារៈចាស់ៗ ដែលត្រូវបាត់បង់ដោយសារការ បោះចោលក្នុងកន្លែងចាក់សំរាម។

លោកហែម ពិសិដ្ឋ បានបន្តថាគម្រោង នៃការសាងសង់ទីលានញែកសំរាមនេះ កំពុងត្រូវបានសហការគ្នា រវាងក្រសួងសាធារណការ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,អាជ្ញាធរខេត្ត និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីអនុវត្តគម្រោងខាងមុខបន្ត បន្ទាប់ទៀត ដែលរួមបញ្ចូលទាំងការសំអាតទឹកកង្វក់ និងទីលានចាក់សំរាម។ ការលើកគម្រោងខាងមុខនេះ គឺជាគម្រោងដែលកើតឡើង បន្ទាប់ពីការអនុវត្តការសាងសង់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកស្អុយ និងទីលានចាក់សំរាម ដែលបានអនុវត្តក្រោមគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង របៀងខាងត្បូង នៃមហាអនុតំបន់ទន្លេមេកុង ៕

Facebook Comments

To Top