ព័ត៌មានជាតិ

បេក្ខជនផ្ទុះការតវ៉ា ពិន្ទុប្រឡងបាក់ឌុប ៖ អ្នកនាំពាក្យថា មិនបើកចំហរ ឲ្យបេក្ខជន ដូច២០១៨ ហើយក៏យល់ អារម្មណ៍ពួកគេ

ភ្នំពេញ ៖ ក្រោយពីមានបេក្ខជនប្រឡង សញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ផ្ទុះការតវ៉ាចំពោះពិន្ទុរបស់ពួកគេ ថាមិនត្រឹមត្រូវ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបទៅវិញថា ក្រសួងមិនមានគោលការណ៍ បើកចំហរជូនបេក្ខជន ដូចឆ្នាំ២០១៨ទេ ។

កាលពីឆ្នាំ២០១៨ ក៏មានបេក្ខជនប្រឡង ជាប់មកតវ៉ាផងដែរ ទាក់ទងនឹងពិន្ទុមានការបូកស្រង់ខុស ហើយក្រសួងក៏បានយល់ព្រម ធ្វើការបូកសរុបសារជាថ្មី។ ខាងក្រសួងក៏បានបកស្រាយថា ការស្រង់ពិន្ទុខុសនេះ ដោយសារបញ្ហាបច្ចេកទេសកុំព្យូរទ័រ។ ប៉ុន្តែឆ្នាំ២០១៩នេះ បើតាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដោយសារមានបទពិសោធន៍បូកពិន្ទុខុសដូចឆ្នាំ២០១៨នោះ លោកបានប្តេជ្ញាមុនការប្រឡងនៅឆ្នាំនេះ ថា មិនឲ្យមានកំហុសដូចឆ្នាំ២០១៨ទេ ព្រោះមានការសម្រិតសម្រាំង យ៉ាងច្បាស់លាស់។

លោក រស់ សុវាចា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១១ កញ្ញា ថា “ក្រសួងមិនមានគោលការណ៍បើកចំហរ ជូនបេក្ខជនដូចឆ្នាំ២០១៨ទេ។ ក្រសួងយល់ពីមនោសញ្ចេតនារបស់បេក្ខជន និងក្រុមគ្រួសារក្រោយពីទទួលលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ” ។

លោកបន្តថា ជាទូទៅ ក្រសួងអប់រំ ស្វាគមន៍មតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

លោកថា សុក្រឹតភាព និងប្រសិទ្ធភាពនៃគ្រប់ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារកំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

លោកអ្នកនាំពាក្យសង្កត់ធ្ងន់ថា ដូច៥ឆ្នាំកន្លងមក ក្រសួងក៏បានទទួលកិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័ននានា ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ។

បេក្ខជនម្នាក់ ក្នុងចំណោមជាច្រើននាក់មកតវ៉ានេះ បានឲ្យដឹងថា មុខវិជ្ជាខ្លះ ធ្វើបានល្អស្ទើរតែទាំងអស់ ហើយថា និទ្ទេសបានសុទ្ធតែ E តែលទ្ធផលបែរជា បាននិទ្ទេសធ្លាក់ទៅវិញ៕

Facebook Comments

To Top