ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ឲ្យអ្នកប្រកបរបរលើផ្ទៃទឹក ប្រុងប្រយ័ត្ន ខណៈទឹកកំពុង មានសន្ទុះឡើងខ្លាំង

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យអ្នកកំពុងធ្វើអាជីវកម្ម តាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងដែនទឹករាជធានីភ្នំពេញ ប្រុងប្រយ័ត្នពីការធានា នូវសុខុមាលភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវទឹក នារដូវទឹកទន្លេឡើង។

សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីធានាសុខុមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងពលរដ្ឋ និងការបាំងច្រាំងទន្លេនារដូវ ទឹកទន្លេឡើងនេះ ស្នើឲ្យម្ចាស់ជលយាន គ្រប់ប្រភេទ និងម្ចាស់កំពង់ផែ ដទទឹងទាំងអស់ត្រូវអនុវត្ត តាមការណែនាំ របស់សាលារាជធានីភ្នំពេញ។

សេចក្តីណែនាំនោះរួមមាន ៖ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាព ឲ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួន ពោងកង អាវពោង ប្រដាប់ពន្លត់អគ្គិសភ័យនៅគ្រប់មធ្យោបាយ ។

សេចក្តីណែនាំបន្តថា ពេលធ្វើចរាចរចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបន្ថយល្បឿន , មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ និងទំនិញលើសចំណុះ , ការបើកបរពេលយប់ត្រូវមានភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវ និងត្រូវរៀបចំផ្លូវឡើងចុះកំពង់ចម្លង ឲ្យបានល្អ មិនរអិល ឬផុងស្រុត៕

Facebook Comments

To Top