នយោបាយ

នាយករដ្ឋមន្រ្តីឡាវមកកម្ពុជា ដើម្បីពិភាក្សាបញ្ហាព្រំដែន នៅសេសសល់ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា (វីដេអូ)

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ខែកញ្ញា ឆ្នាំ២០១៩ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ នឹងជួបពិភាក្សាយ៉ាងលម្អិតលើបញ្ហាព្រំដែន ដែលនៅសេសសល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈបញ្ហាព្រំដែន នៅចំណុចព្រំប្រទល់ខេត្តព្រះវិហារ ហាក់មិនទាន់មានការធូរស្រាល។

បញ្ហាព្រំដែនកម្ពុជា-ឡាវ បានជួបភាពតានតឹងខ្លាំងនឹងគ្នា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយសារយោធាឡាវ បានចូលមកឈរជើង នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមប្រគល់ភារកិច្ច ឲ្យប្រមុខការទូតទាំងពីរ ធ្វើកិច្ចការងារទៅលើ បែបបទបច្ចេកទេស ដើម្បីផ្ញើលិខិត ទៅប្រធានាធិបតីបារាំង លោក ម៉ាក្រុង ឲ្យផ្ដល់ផែនទីបោនខ្នាត ១លើ១០០ពាន់ មកផែនទីខ្នាត ១លើ៥០ពាន់ ដើម្បីវាស់វែង ព្រំដែន ឈានទៅបញ្ចប់បញ្ហាជម្លោះព្រំដែន តាមអ្វីដែលជាគោលបំណង របស់ថ្នាក់ដឹកកំពូល ប្រទេសទាំងពីរចង់បាន ដើម្បីបំពេញតម្រូវការផ្នែកសន្តិសុខ ដល់ពលរដ្ឋតាមបណ្តោយព្រំដែន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១១ កញ្ញា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចតេជោ លោក ថងលូន ស៊ីស៊ូលីត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី១២-១៣ កញ្ញា ។

ក្រសួងបញ្ជាក់ថា «នាយករដ្ឋមន្រ្តីទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា» ។

ក្នុងអំឡុងទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីឡាវ ក៏នឹងចូលជួបសំដែងការគួរសម ដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នាយករដ្ឋមន្រ្តីឡាវ ក៏នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជាផងដែរ។

សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ ៕

ដោយ៖ ខា ដា

Facebook Comments

To Top