ព័ត៌មានជាតិ

ទូតជប៉ុនថ្មី អញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតមន្រ្តីជាន់ខ្ពស់ជប៉ុន ២រូប ដែលត្រូវបានសម្លាប់ ក្នុងបេសកកម្មនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតថ្មីជប៉ុនថ្មី ប្រចាំកម្ពុជា លោក មិកាមិ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធលោក តាកាតា និងលោក ណាកាតា អតីតមន្រ្តីជាន់ខ្ពស់ជប៉ុន ដែលត្រូវបានសម្លាប់ ក្នុងពេលបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការ សហប្រជាជាតិនៅកម្ពុជា។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា “ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានគោរពវិញ្ញាណក្ខន្ធ លោក តាកាតា និងលោក ណាកាតា នៅថ្ងៃទី១០ ខែកញ្ញា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានអញ្ជើញទៅកាន់ ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាឡោម”។

ស្ថានទូតជប៉ុនបញ្ជាក់ថា លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលិសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់ នៅខេត្តបន្ទាយមានជ័យ។ លោកណាកាតា គឺជាអតីតអ្នក ស្ម័គ្រចិត្ត របស់អង្គការសហប្រជាជាតិ និងបានធ្វើការ ជាអ្នកសង្កេតការណ៍បោះឆ្នោត របស់អ៊ុនតាក់ នៅខេត្តកំពង់ធំ។ អ្នកទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិត អំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា។

លោក មិកាមិ រំឭកដល់ការលះបង់របស់ពួកគាត់ សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធរបស់ពួកគាត់ ទៅកាន់សុគតិភព៕

Facebook Comments

To Top