នយោបាយ

ក្រសួងការងារ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ ដើម្បីគាំពារពលករទេសន្តប្រវេសន៍

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ស្តីពីកិច្ចសហប្រតិបត្តិការ​ លើវិស័យការងារដោយផ្តោតលើ កិច្ចគាំពារពលករទេសន្តប្រវេសន៍ នៅពាក់កណ្តាលខែកញ្ញានេះ ។

យោងតាមប្រកាសព័ត៌មានក្រសួងការងារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងនឹងទទួលធ្វើជាម្ចាស់ផ្ទះ​ រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យការងារសម្រាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ ការឆ្ពោះទៅកាន់កិច្ចគាំពារពលករ ទេសន្តប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម នៅថ្ងៃទី១៦-១៧ កញ្ញា នាខេត្តសៀមរាប។

ក្រសួងក៏បានឲ្យដឹងថា កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញ ចូលរួមជាអធិបតីភាពនាព្រឹកថ្ងៃ១៧ កញ្ញា ឆ្នាំ២០១៩។ គោលបំណងដ៏ចំបងរបស់សន្និសីទ ដើម្បីពិភាក្សាស្វែងរកក្របខណ្ឌរួមមួយ ពាក់ព័ន្ធការធ្វើចល័តភាព របបសន្តិសុខសង្គមសម្រាប់ ពលករទេសន្តប្រវេសន៍ក្នុងប្រទេស CLMTV ដើម្បីលើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើ វិស័យការងារក្នុងប្រទេស CLMTV ។

ជំរុញឲ្យមានការបន្តការ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTVពាក់ព័ន្ធការការពារ និងការលើកកម្ពស់សិទ្ធិ ពលករទេសន្តប្រវេសន៍ ជាពិសេសច ល័តភាពនៃរបបសន្តិសុខសង្គម ។ ពិភាក្សាឲ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត។ ធ្វើការឆ្ពោះទៅកាន់ការរៀបចំ ក្របខណ្ឌរួមមួយសម្រាប់ប្រទេស CLMTV ស្តីពីចល័តភាព នៃរបបសន្តិសុខសង្គមសម្រាប់ ពលករទេសន្តរប្រវេសន៍។

តាមរយៈប្រធានបទនេះ ពិតជាបានឆ្លើយតបទៅនឹង គោលនយោបាយនិងយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលដូចជាក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥)។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជា (២០១៨-២០២៣) ដែលបានផ្តល់ការគាំពារសិទ្ធិ និងអត្ថប្រយោជន៍របស់ ពលករទេសន្តប្រវេសន៍ ៕

ដោយ ស សំណាង

Facebook Comments

To Top