នយោបាយ

ឆ្លើយតបទៅអាមេរិក រឿងស្នើដោះលែងលោក កឹម សុខា! ក្រសួងការបរទេសខ្មែរ ទាមទារឲ្យរដ្ឋការបរទេសទាំងអស់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម

ភ្នំពេញ៖ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី Morgan Ortagus បានលើកឡើងថា សហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់រាល់ការ ចោទប្រកាន់ទាំងឡាយ ទៅលើលោក កឹម សុខា នោះ ក្រសួងការបរទេសខ្មែរ បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបដោយទាមទារឲ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ គោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។

តាមរយៈវីដេអូរយៈពេលជិត ១នាទី ដែលបង្ហោះលើបណ្ដាញសង្គម ហ្វេកប៊ុកផ្លូរការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ កញ្ញានេះ លោកស្រី Morgan Ortagus បានថ្លែងថា ថ្ងៃទី៣ កញ្ញា គឺជាថ្ងៃខួបលើកទី២ នៃការចាប់ខ្លួនអតីតមេដឹកនាំ គណបក្សប្រឆាំង លោក កឹម សុខា ក្រោមបទចោទប្រកាន់ ដែលគ្មានមួលដ្ឋាន ។ រដ្ឋាភិបាលកម្ពុជា មិនទាន់បានកាត់ទោស ឬបង្ហាញភស្តុតាងណាមួយ ដ៏គួរឲ្យទុកចិត្តនោះឡើយ ដើម្បីបញ្ជាក់ចំពោះការអះអាងរបស់ខ្លួន ដែលត្រូវបានប្រើ ដើម្បីរំលាយអតីតគណបក្ស ប្រឆាំងដ៏ធំជាងគេ គឺអតីតគណបក្សសង្គ្រោះជាតិ និងដើម្បីដកតំណែង តំណាងជាប់ឆ្នោតត្រឹមត្រូវជាង ៥០០០នាក់ ។ ទង្វើនេះបំផ្លាញលទ្ធិប្រជាធិបតេយ្យ ពហុបក្សនៅប្រទេសកម្ពុជា ដែលជាគោលការណ៍ មានចែកក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ។

លោកស្រីបញ្ជាក់ថា «សហរដ្ឋអាមេរិក សូមអំពាវនាវម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយ ទៅលើលោក កឹម សុខា ប្រគល់ឡើងវិញនូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជូនគាត់ និងដោះលែងនូវអ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ។ យើងសូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ប្រកាន់យកជំហ៊ានជាក់ស្ដែង ដើម្បីជំរុញការផ្សះផ្សារឡើងវិញ ដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការភ័យខ្លច ការកំរាមកំហែង ឬការសងសឹក ដោយសារការអនុវត្តសិទ្ធិរបស់គេ ក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្រោមច្បាប់» ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅទី១០ កញ្ញា លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានថ្លែងថា លោកបង្ខំចិត្តត្រូវតែឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលនៅក្នុងចំណោមបញ្ហាដ៏ទៃផ្សេងទៀត បានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ ទាំងអស់ប្រឆាំងលោក កឹម សុខា។

លោកបន្ថែមថា ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះ របស់គាត់ជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដូចបណ្តាប្រទេសដទៃទៀត ដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល(civil law) នីតិវិធីតុលាការកម្ពុជាមិនមាន ចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តីដែលស្ថិតក្រោម ការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។

លោកបានរំលឹកថា ការបរាជ័យក្នុងការប៉ុនប៉ង ជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមាន សិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណា ដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន។

លោក កេត សោផាន់បញ្ជាក់ថា «កម្ពុជាទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់​ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ គោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងនៅក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ» ៕

Facebook Comments

To Top