ព័ត៌មានជាតិ

បណ្ឌិត គីម ហ៊ាង បង្ហាញសុទិដ្ឋិនិយម ចំពោះអតិថិជនថៃ-វៀតណាម ក្នុងទីផ្សារខុនដូកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន KW Khmer Real Estate បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះអតិថិជនជនជាតិថៃ និងវៀតណាម សម្រាប់ទីផ្សារខុនដូនៅកម្ពុជា ដែលលោកកំពុងធ្វើការកៀគរ និងបង្កើតទីផ្សារថ្មី ជាមួយអតិថិជន ស្ថិតនៅក្បែរខាងប្រទេសកម្ពុជានេះ ។

ការថ្លែងបែបនេះ បានធ្វើឡើង ក្នុងវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន Keller Williams Cambodia និងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ដើម្បីផ្ដល់សិទ្ធលក់គម្រោងខុនដូផ្ដាច់មុខ ដល់ក្រុមហ៊ុន KW Khmer Real Estate សម្រាប់អតិថិជន ដែលកាន់ប៉ាស្ព័រថៃ និងវៀតណាម កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ។

បណ្ឌិត គីម ហ៊ាង បញ្ជាក់ថា ថៃបានដើរលឿនជាងកម្ពុជា ២០ឆ្នាំ ហើយវៀតណាម ដើរលឿនជាងកម្ពុជា ១០ឆ្នាំ តែអ្វីដែលថៃមាន ២០ឆ្នាំមុន ឬវៀតណាមមាន ១០ឆ្នាំមុន គឺដូចកម្ពុជាបច្ចុប្បន្ន ។ ដូច្នេះទីផ្សារខុនដូកម្ពុជា ក៏ជាគោលដៅមួយរបស់អតិថិជនថៃ និងវៀតណាម ខណៈអតិថិថជនខ្មែរ ក៏កំពុងមានការវិវត្តន៍ រស់នៅខុនដូច្រើនផងដែរ ។

លោកថា «២០ឆ្នាំមុន ថៃធ្វើខុនដូលក់ឲ្យបរទេស ដល់ពេល ២០ឆ្នាំក្រោយ អ្នករស់នៅខុនដូគឺជនជាតិថៃ ។ ឯវៀតណាម ពេលធ្វើខុនដូ ភាគច្រើនលក់ឲ្យបរទេស តែឥលូវក្នុងទីក្រុងធំៗ អ្នកនៅខុនដូ ភាគច្រើនវៀតណាម ។ ភ្នំពេញក៏ដូចគ្នាដែរ… ជាក់ស្ដែងគម្រោង ឌឹ សេវេន រេហ្ស៊ីដិនស៍ ខ្ញុំសិក្សាពីទីតាំង, ទំហំ, តម្លៃ និងលក្ខខណ្ឌ គឺល្អបំផុតសម្រាប់អតិថិជនខ្មែរ» ។

ដោយសារមានហេតុផល ស្រដៀងគ្នានេះហើយ ទើបលោកបណ្ឌិត គីម ហ៊ាង យល់ព្រមទទួលសិទ្ធិលក់ផ្ដាច់មុខ គម្រោងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ សម្រាប់ទីផ្សារថៃ និងវៀតណាម ។ លោកថា «បានជាខ្ញុំកំណត់យក ទីផ្សារបរទេសទាំង២ (ថៃ-វៀតណាម) ដោយសារខ្ញុំចង់បង្កើតទីផ្សារថ្មី ព្រោះបច្ចុប្បន្ន ជំនួញរកស៊ីរវាងកម្ពុជា និងបរទេសមានច្រើន ប៉ុន្ដែប្រទេសពីរសងខាងយើង គឺងាយស្រួលរកស៊ីជាងអ្នកនៅឆ្ងាយ»។

លោក អ៊ូច ពិសាល អគ្គនាយកក្រុមហ៊ុន និងជានាយកប្រតិបត្តិខុនដូខាងលើ បានបញ្ជាក់ថា គម្រោងខុនដូខ្លួន មានផ្ទៃដីសរុប ១,៦៨២ម៉ែត្រការ៉េ និងសំណង់អាគារទាំងមូល ៣,៤០០០ម៉ែត្រការ៉េ ស្មើនឹង ៣៤២យូនីត ។ បច្ចុប្បន្នលក់បានជាង ៣០% ខណៈការសាងសង់ គ្រោងបញ្ចប់នាឆ្នាំ២០២២ ។ ប៉ុន្ដែក្រោយសហការជាមួយក្រុម KW Cambodia លោករំពឹងថា គម្រោងរបស់ខ្លួន នឹងលក់បានកាន់តែលឿនថែមទៀត ។

លោកបន្ដថា ការសហការគ្នា រវាងក្រុមហ៊ុនទាំងពីរ នឹងទទួលបានជោគជ័យខ្ពស់ ដោយសារលោកជឿជាក់ លើស្លាកយីហោក្រុមហ៊ុន KW Cambodia ដែលនាំចូលពីសហរដ្ឋអាមេរិក ពិសេសលោកបណ្ឌិត គីម ហ៊ាង ដែលមានបទពិសោធន៍ជោគជាំ ក្នុងវិស័យដ៏មានសក្ដានុពលមួយនេះ ៕

Facebook Comments

To Top