នយោបាយ

អាមេរិក អំពាវនាវ ជាថ្មីម្តងទៀត ឲ្យដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក លោកស្រី Morgan Ortagus បានអំពាវនាវជាថ្មីម្ដងទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់រាល់ការចោទ ប្រកាន់ទាំងឡាយ ទៅលើលោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា ដោយគ្មានលក្ខខណ្ឌអ្វីឡើយ ។

តាមរយៈវិដេអូប្រមាណជា១នាទី ដែលបង្ហោះលើបណ្ដាញសង្គម ហ្វេកប៊ុកផ្លូរការរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី Morgan Ortagus បានថ្លែងថា ថ្ងៃទី៣ កញ្ញា គឺជាថ្ងៃខួបលើកទី២ នៃការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ក្រោមបទចោទប្រកាន់ ដែលគ្មានមូលដ្ឋានត្រឹមត្រូវ ។

លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានកាត់ទោស ឬបង្ហាញភស្តុតាងណាមួយ ដ៏គួរឲ្យទុកចិត្តនោះឡើយ ដើម្បីបញ្ជាក់ចំពោះការអះអាងរបស់ខ្លួន ដែលត្រូវបានប្រើ ដើម្បីរំលាយអតីតគណបក្ស ប្រឆាំងដ៏ធំជាងគេ គឺអតីតគណបក្សសង្គ្រោះជាតិ និងដើម្បីដកតំណែងមេឃុំជាប់ឆ្នោតត្រឹមត្រូវជាង៥០០០នាក់ ។ លោកស្រីបានហៅទង្វើនេះថា បំផ្លាញលទ្ធិប្រជាធិបតេយ្យ ពហុបក្សនៅកម្ពុជា ដែលជាគោលការណ៍ មានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ។

អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិកបញ្ជាក់ថា «សហរដ្ឋអាមេរិក សូមអំពាវនាវម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយ ទៅលើលោក កឹម សុខា ប្រគល់ឡើងវិញនូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជូនគាត់ និងដោះលែងអ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ។ យើងសូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ប្រកាន់យកជំហ៊ានជាក់ស្ដែង ដើម្បីជំរុញការផ្សះផ្សារឡើងវិញ ដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការភ័យខ្លច ការគំរាមកំហែង ឬការសងសឹក ដោយសារការអនុវត្តសិទ្ធិរបស់គេ ក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្រោមច្បាប់» ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានចោទប្រកាន់ ពីបទសន្ធិដ្ឋិភាព ជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលនឹងអាចជាប់ពន្ធនាគារ ពី១៥ឆ្នាំដល់៣០ឆ្នាំ ។ លោក កឹម សុខា ត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ ហើយត្រូវបានប្ដូរកន្លែងឃុំខ្លួន ពីត្រពាំងផ្លុង “ម៣” យកមកឃុំខ្លួន ក្នុងផ្ទះរបស់គាត់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ នាម៉ោងជាង៣ ទៀបភ្លឺ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ៕

ដោយ៖ ខា ដា

Facebook Comments

To Top