សេដ្ឋកិច្ច & អចលនទ្រព្យ

សភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​កម្ពុជា​ និង​ CREA​ ជំរុញ​កិច្ចសហការ ​ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច​ជាតិ

ភ្នំ​ពេញ៖ សមា​មុខរបរ​​ និង​មីក្រូ​សហគ្រាស​កម្ពុជា​ និង​សមាគម​អ្នកជំនាញ​ អចលនទ្រព្យ​កម្ពុជា​ (CREA​) បាន​ពិភាក្សា​គ្នា​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ និង​ពង្រីក​ការ​ធ្វើការ​រួមគ្នា​ លើ​ការ​បណ្តុះបណ្តាល ​ធនធានមនុស្ស​។

ប្រធាន​សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ឋី​ បាន​មានប្រសាសន៍​ ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ កាលពី​រសៀល​ថ្ងៃទី៩​ កញ្ញា​កន្លងមក​ថា​ សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា​បង្កើត​ឡើង​ ក្នុង​គោលដៅ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ និង​ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​ ប្រកបដោយ​គុណភាព​ តាមរយៈ​ការ​ចងក្រង ​សមាជិក​ដែល​មាន​សមត្ថភាព​ ធនធាន​នានា​ក្នុង​ន័យ ​ចូលរួម​ទាក់ទាញ​ការ​វិនិយោគ​ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ យើង​មាន​បណ្តាញ​ផ្សព្វផ្សាយ​ និង​បណ្តាញ​ការងារ​ រវាង​សមាជិកសមាគម​ ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា ​ជំរុញ​ការ​វិនិយោគ​ និង​ធ្វើឲ្យ​ធនធានមនុស្ស​ ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន​ ដោយ​ថ្នាក់ដឹកនាំ​ សមាគម​បាន​ដឹកនាំ​សមាជិក​ និង​ថ្នាក់ដឹកនាំ​ទៅ​ទទួលការ​បណ្តុះបណ្តាល​នៅ​ប្រទេស​សឹង្ហ​បុរី​ ថៃ​ ជាដើម​។

ជាមួយគ្នា​នេះ​លោក​សុខ​ ខេង​អគ្គ​លេខាធិ​កាស​ភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ធនធាន​មនុស្ស​វ័យក្មេង​នៅ​កម្ពុជា​ ពិតជា​មាន​សមត្ថភាព​ល្អ​ប្រសើរ ​ជាជាង​ថ្នាក់​ដឹក​នាំ​ចាស់​ៗមួយចំនួន​ ដែល​ពួក​គា​ត់​ចាស់​ៗច្រើន ​និង​មិនសូវ​មានគំនិត​ច្នៃប្រឌិត​ច្រើន​នោះ​ទេ​។

ហេតុនេះ​ទើប​ពួកគាត់​ បាន​ទៅ​ធ្វើ​អ្វី​ផ្សេង​ៗទៀត​។លោក​បន្ត​ថា​ ដោយ​មើលឃើញ​បែបនេះ​ ទើប​សភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​ ដែល​ជា​ស្ថាប័ន​ចំណុះ ​ឲ្យ​រដ្ឋាភិបាល​បាន​ចងក្រង​ និង​ពង្រីក​ការ​សហការ​ ជាមួយ​សមាគម​នានា​ ដើម្បី​ជួយ​ដល់​អ្នកមាន​មុខរបរ​ខ្នាត​តូច​ឲ្យ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​ពង្រីក​អាជីវកម្ម​របស់់​ពួកគេ ​ឲ្យ​មានការ​អភិ​វឌ្ឍ​កាន់់​តែ​ប្រសើរ​ឡើង​។

​លោក​បន្ត​ថា​ លើស​ពីនេះ​សភា​មុខរបរ​ និង​មីក្រូ​សហគ្រាស​ចង់​សហការ​ ជាមួយ​សមាគម​អ្នកជំនាញ ​អចលនទ្រព្យ​កម្ពុជា​ ដើម្បី​រៀបចំ​ការ​បណ្តុះបណ្តាល​ ដល់​និស្សិត​កម្ពុជា​ឲ្យ​មានការ​យល់ដឹង​ និង​អាច​ស្វែងរក​ការងារ​ ក្នុងនាម​ជា​ភ្នាក់ងារ ​អចលនទ្រព្យ​កម្ពុជា​ ដើម្បី​ពួកគេ​ទទួល​បាន​ចំណូល​ សំរាប់​ការសិក្សា​រៀនសូត្រ​។

លោក​សុខ​ ខេ​ងបាន​បន្ត​ថា​ “យើង​កំពុង​គិត​និង​បង្រៀន​ឲ្យ​ពួកគេ​ចេះ​ស្ទូចត្រី​ តែបើ​ពួកគេ​មិនព្រម​ស្ទូច​នោះ ​ជា​បញ្ហា​របស់​ពួកគេ​ តែ​គោលដៅ​មួយ​ផ្នែក​របស់​យើង ​ចង់​ជួយ​យុវជន​ឲ្យ​មានការ​ងារ​ធ្វើ​ និង​ប្រាក់ចំណូល​”៕
ប្រភព៖ propertyarea.asia

Facebook Comments

To Top