ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងបញ្ជាទប់ស្កាត់ ការបាក់ស្រុតច្រាំងទន្លេ ក្នុងសង្កាត់កោះដាច់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩នេះ បានចុះត្រួតពិនិត្យ ទីតាំងច្រាំងទន្លេ ដែលទទួលរងការបំផ្លាញ ដោយទឹកជំនន់នៅក្នុងភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការចុះមកធ្វើការត្រួតពិនិត្យ លើទីតាំងខាងលើនេះ ក្នុងគោលបំណងទប់ស្កាត់ កុំឲ្យច្រាំងទន្លេ មានការបាក់ស្រុតបន្តទៀត។

ក្នុងឱកាសនោះ លោកអភិបាល បានណែនាំអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញដាក់បាវខ្សាច់ ជាមួយថ្មទម្លាក់ចូល ទៅក្នុងច្រាំងទន្លេដែលបាក់ស្រុត ដើម្បីទប់ស្កាត់ការបាក់ស្រុតបន្តទៀត។

តាមការបញ្ជាក់ ពីអាជ្ញាធរសង្កាត់កោះដាច់ បានឲ្យដឹងថា ច្រាំងទន្លេដែលទទួលរង ការបាក់ស្រុតនេះ បានកើតឡើងប្រមាណជា ២ទៅ៣ថ្ងៃមកហើយ ខណៈជំនន់ទឹកទន្លេ បានហក់ឡើងយ៉ាងគំហុក នារយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុតនេះ មានប្រវែងប្រមាណ២០ម៉ែត្រ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា “ជាជំហានដែលយើងត្រូវអនុវត្តនេះ គឺយើងចាប់ផ្ដើម ធ្វើការបោះបង្គោលទប់ដី កុំឲ្យហូរទៅបាតទន្លេ រួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ ចូលទីកន្លែង ដែលបាក់ស្រុតនេះ ជាមួយការបញ្ជូនសាឡង់មួយគ្រឿង ដើម្បីដាក់ខ្សាច់មកចាក់ នៅទីតាំងខាងលើនេះផងដែរ សំដៅធ្វើយ៉ាងណា កុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះ នៅជាប់នឹងផ្លូវបេតុង របស់ប្រជាពលរដ្ឋ នៅក្នុងភូមិនេះតែម្ដង” ។

នៅពេលទឹកស្រក រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការបុកស៊ីផាយ នៅទីតាំងខាងនេះ បន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ នៅឆ្នាំក្រោយៗទៀត។

ក្រោយចុះត្រួតពិនិត្យ ទីតាំងច្រាំងទន្លេ នៅក្នុងភូមិរនៈនេះ លោកអភិបាលរាជធានី បានបន្តដឹកនាំមន្ត្រីជំនាញ ពិនិត្យច្រាំងទន្លេនៅភូមិខ្ទរ សង្កាត់ព្រែកលាប ដែលទទួលរងការគម្រាមកំហែង ដោយការបាក់ច្រាំងទន្លេផងដែរ ខណៈវិស័យឯកជន បាននិងកំពុងចាក់ដី ថ្មចូលច្រាំងទន្លេ ។

ទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធបញ្ហានេះ លោកឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីគាំទ្រ ចំពោះការបង្ការ និងទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេនេះ ។ លោកក៏បានឲ្យពលរដ្ឋសុំច្បាប់ មករដ្ឋបាលរាជធានី ក្នុងការចាក់ដី ថ្មចូលច្រាំងទន្លេត្រឹមត្រូវតាមច្បាប់៕ ដោយ៖ ដារាត់

Facebook Comments

To Top