អន្តរជាតិ

មេដឹកនាំបាតុករហុងកុងឈ្មោះ Joshua Wong ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន

បរទេស៖ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈអ្នកតំណាងស្របច្បាប់របស់គាត់ថា លោក Joshua Wong ដែលជាសកម្មជនតវ៉ានៅហុងកុងត្រូវបានចាប់ខ្លួន នៅថ្ងៃអាទិត្យ ទី៨កញ្ញា នៅឯអាកាសយានដ្ឋានរបស់ទីក្រុងហុងកុង ដោយសារតែរំលោភលក្ខខណ្ឌធានាខ្លួន។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Wong បាននិយាយថា គាត់កំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ហើយគាត់រំពឹងថានឹងត្រូវបានដោះលែងបន្ទាប់ពីមានសវនាការមួយ នៅថ្ងៃច័ន្ទ។

ការឃុំខ្លួនសកម្មជនតវ៉ាហុងកុងរូបនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានភាសាចិន Apple Daily ដែលមានមូលដ្ឋាននៅហុងកុង។

សូមជម្រាបថា លោក Wong ស្ថិតក្នុងចំណោមសកម្មជនហុងកុងជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងខែសីហា ក្នុងការបង្ក្រាបមេដឹកនាំបាតុកម្ម ប៉ុន្តែក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំភ្លាមៗបន្ទាប់ពីការឃុំខ្លួនរបស់គាត់។ ជាងនេះទៅទៀត លោក Wong បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដើម្បីជួបជាមួយគណបក្សកាន់អំណាចរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ។

អ្នកនាំពាក្យប៉ូលីសហុងកុងបាននិយាយថា មិនអាចធ្វើអត្ថាធិប្បាយបានភ្លាមៗទេ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top