អន្តរជាតិ

បាតុករនៅហុងកុង នាំគ្នាដើរទៅស្ថានកុងស៊ុលអាមេរិក ដើម្បីឱ្យដាក់សម្ពាធទៅលើចិន

បរទេស៖ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងហុងកុងនៅថ្ងៃអាទិត្យ ខណៈដែលពួកគេព្យាយាមបង្កើនសម្ពាធពីអន្តរជាតិលើក្រុងប៉េកាំង បន្ទាប់ពីការតវ៉ាដ៏ធំ និងពេលខ្លះមានអំពើហិង្សា ដែលបានកើតឡើងរយៈពេល ៣ ខែមកនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា មនុស្សរាប់លាននាក់បានធ្វើដំណើរតាមផ្លូវហុងកុងក្នុងរយៈពេល ១៤ សប្តាហ៍ចុងក្រោយនេះ ក្នុងការប្រឆាំងដ៏ធំបំផុតចំពោះការគ្រប់គ្រងរបស់ប្រទេសចិន ចាប់តាំងពីការប្រគល់ហុងកុងពីសំណាក់ ចក្រភពអង់គ្លេសមកឱ្យចិនគ្រប់គ្រងក្នុងឆ្នាំ ១៩៩៧ ។

ការប្រឆាំងតវ៉ានេះត្រូវបានបញ្ឆេះដោយផែនការដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នជនសង្ស័យទៅកាន់ដីគោក ដែលក្រុមប្រឆាំងមើលឃើញថា ជាការផ្លាស់ប្តូរចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំង ដើម្បីចាប់យកសេរីភាពនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ។

ប៉ុន្តែបន្ទាប់ពីទីក្រុងប៉េកាំងនិងមេដឹកនាំទីក្រុងហុងកុង បានចាត់វិធានការយ៉ាងតឹងរឹង ចលនានេះបានក្លាយជាយុទ្ធនាការទូលំទូលាយមួយដែលអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែច្រើន គណនេយ្យភាពរបស់ប៉ូលីស និងការលើកលែងទោសដល់អ្នកដែលត្រូវបានចាប់ខ្លួន។

មនុស្សយ៉ាងច្រើនដែលខ្លះគ្រវីជាតិអាមេរិក បានប្រមូលផ្តុំគ្នានៅឧទ្យានមួយក្នុងសង្កាត់ពាណិជ្ជកម្មរបស់ហុងកុង ហើយបានដើរទៅក្បែរស្ថានកុងស៊ុល របស់ទីក្រុងវ៉ាស៊ីនតោន។

ពួកគេបានអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធក្រុងប៉េកាំង ឱ្យឆ្លើយតបនឹងការទាមទាររបស់ពួកគេ និងដើម្បីឱ្យសភាអនុម័តសេចក្តីព្រាងច្បាប់ដែលបានស្នើថ្មីៗនេះដែលបង្ហាញពីការគាំទ្រចំពោះការតវ៉ានេះ។

អ្នកតវ៉ាម្នាក់ឈ្មោះ ចេននី ចាន់ អាយុ ៣០ ឆ្នាំបានប្រាប់ AFP ថា៖ «ក្រុមបាតុករជាង ១.០០០ នាក់ត្រូវបានចាប់ខ្លួន។ យើងមិនអាចធ្វើអ្វីបានក្រៅពីចេញមកតាមផ្លូវឡើយ ខ្ញុំអស់សង្ឃឹមហើយ។ ខ្ញុំគិតថាក្រៅពីបរទេស គ្មាននរណាម្នាក់អាចជួយយើងបានទេ»៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top