កីឡា

គ្រូកម្ពុជា៖ យើងមិនពេញចិត្ត នឹងលទ្ធផល តែក៏មិនខកចិត្ត ដែរ ព្រោះ…!

ភ្នំពេញ៖ លោក Felix G.Dalma គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកូនក្រុមកាលពីយប់មិញ ទោះបីបានត្រឹមប្រកួតស្មើក្រុមហុងកុង ១-១ ក៏ដោយ ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា «យើងមិនពេញចិត្តនឹងលទ្ធផលនេះទេ តែក៏មិនខកចិត្តដែរ ព្រោះកីឡាករកម្ពុជាពិតជារីកចម្រើនខ្លាំងមែនទែន» ។

ដៃស្ដាំរបស់លោក Keisuke Honda រូបនេះ បានបញ្ជាក់ថា ទោះបីលទ្ធផលស្មើគ្នា វាមិនមែនជាលទ្ធផលល្អក្នុងបាល់ទាត់ តែបើក្រឡេកទៅមើលទម្រង់លេងរបស់កូនក្រុម គឺធ្វើបានល្អ បើធៀបនឹងការប្រកួតពីមុន ដែលជាហេតុផលមួយ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជា គួរមានមោទនភាព និងសប្បាយចិត្ត ចំពោះការខំប្រឹងរបស់កីឡាករកម្ពុជាពេលនេះ ។

លោក Felix បាននិយាយថា «មុនពេលខ្ញុំនិយាយថា ប្រជាជនទាំងអស់ គួរតែមានមោទនភាពសម្រាប់ក្រុម ដោយសារកីឡាករយើងមានភាពក្លាហាន ក្នុងការរក្សាបាល់ ការលេងជាមួយបាល់ទាត់ ការផ្ដួចផ្ដើមគំនិតបានមុនគេ ដែលនេះគឺជាអ្វីដែលយើងគួរឲ្យតម្លៃការលេងរបស់កីឡាករយើង ។ នេះគឺជាមូលដ្ឋានគ្រឹះ និងការលេងរបស់កម្ពុជាយើង ហើយយើងត្រូវខំប្រឹងពង្រឹងបន្ថែម ហើយទោះបីជួបក្រុមណាក៏ដោយ យើងនៅតែរក្សាទម្រង់លេងបែបនេះដដែល» ។

សូមបញ្ជាក់ថា បន្ទាប់ពីចែក ១ពិន្ទុម្នាក់ជាមួយហុងកុង ក្រុមគោព្រៃកម្ពុជា នឹងបន្ដបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ១ប្រកួតទៀត ដោយត្រូវជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដែលជាប្រកួតទី២ ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី ។ ចំណែកហុងកុង ក្រោយត្រឡប់ទៅបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃជាមួយគ្នាផងដែរ ៕

Facebook Comments

To Top