នយោបាយ

រាជរដ្ឋាភិបាល សម្រេចបញ្ចេញ ថវិកា១០០លានដុល្លារ ដែលសន្សំទុក យកមកជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រះសីហនុ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ នូវថវិកាសន្សំរបស់ចំនួន ១០០ លានដុល្លារ ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ។

ការយកប្រាក់សន្សំនេះ គឺអនុវត្តគោលការណ៍ “យកស្លឹកត្នោតខ្ចប់ស្ករត្នោត” ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច (គ.ស.ប) ស្ដីពីការធ្វើអាទិភាវូបនីយកម្មក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ជាលទ្ធផលអង្គប្រជុំបានឯកភាព លើវិធាការ និងគោលការណ៍បន្ថែមមួយចំនួន។

លទ្ធផលរួមមាន ៖ បន្តអនុវត្តន៍គោលការណ៍ ដែលបានសម្រេចក្នុងកិច្ចប្រជុំគ. ស.ហ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៥ ចំពោះវិធានការការងារបន្ទាន់ និងអាទិភាព ក្នុងការស្តារអូរធម្មជាតិទាំង៥និងលូដែលមានស្រាប់ ខណៈសព្វថ្ងៃកំពុងទទួលរងការរំលោភយក ចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរនិងដោះស្រាយជំនន់ទឹកភ្លៀង។ ការស្តារ ជួសជុលផ្លូវក្នុងក្រុង ផ្លូវវាងក្នុងការស្តាររៀបចំអូររំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ។

កិច្ចប្រជុំក៏បានកំណត់អាទិភាព និងវាយតម្លៃពីទំហំនៃការស្តារ និងជួសជុលកំណាត់ផ្លូវទាំង ២២ខ្សែនិងផ្លូវវាងក្រុង តាមបទដ្ឋានស្តង់ដាដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគុណភាព សោភណ្ឌភាព សុវត្ថិភាព ។ តម្រូវការហិរញ្ញប្បទាននៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះផ្តោតលើបច្ចេកទេសក្នុងការសាងសង់ , ពិនិត្យគុណភាព សំណង ទំហំផ្លូវ ការបង្កប់ប្រព័ន្ធខ្សែកាប ទូរស័ព្ទ បំពង់ទឹកស្អាត និងបណ្តាញទឹកកខ្វក់ព្រមទាំងទឹកភ្លៀងជាដើម ៕ ដោយ៖ធី លីថូ

Facebook Comments

To Top