ព័ត៌មានជាតិ

សហជីពចលនាកម្មករ ប្រជុំជាមួយសមាជិក ពីប្រាក់ឈ្នួល អប្បបរមា ឆ្នាំ២០១៩

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បានបើកកិច្ច ជាមួយថ្នាក់ដឹកនាំ សហជីពមូលដ្ឋាន នៅតាមបណ្ដាខេត្ត-ក្រុង ប្រជុំ ពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួល អប្បបរមា នៃវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០១៩ ដែលមានសមាសភាព ចូលរួមសរុប១៤០នាក់។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ដើម្បីពិភាក្សាគ្នា រកចំណុចរួមមួយថា តើគួរដាក់តួលេខប៉ុន្មាន? សម្រាប់យកទៅចរចាប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០១៩ រវាងត្រីភាគី រួមមានភាគីក្រសួងការងារ ភាគីនិយោជក និងភាគីសហជីព ដែលនឹងប្រព្រឹត្តទៅ ចាប់ពីចន្លោះ ថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ដើម្បីកំណត់ប្រាក់ឈ្នួល អប្បបរមា នៃវិស័យកាត់ដេរ និងសម្លៀកបំពាក់នៅកម្ពុជា សម្រាប់ឆ្នាំ២០១៩ គឺពឹងផ្អែកទៅលើលក្ខណៈ វិនិច្ឆ័យ៧យ៉ាងរួមមាន ,ទី១- ស្ថានភាពគ្រួសារ ,ទី២-អតិផរណា ,ទី៣-ចំណាយក្នុងការរស់នៅ ,ទី៤-ផលិតភាព ,ទី៥-ភាពប្រកួតប្រជែងរបស់ប្រទេស ,ទី៦-ស្ថានភាពទីផ្សារការងារ ,និងទី៧-កម្រិតចំណេញរបស់វិស័យ៕

 

 

ដោយ អេង ប៊ូឆេង

Facebook Comments

To Top