សេដ្ឋកិច្ច & អចលនទ្រព្យ

ដើមខែកញ្ញា CDC អនុម័តគម្រោង ក្រុមហ៊ុនវិនិយោគ៨ មានទឹកប្រាក់ជាង៣០០លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅដើមខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុម័តគម្រោងក្រុមហ៊ុន វិនិយោគចំនួន៨ ដែលមានទឹកប្រាក់ ៣១៩លានដុល្លារ ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “MEKO LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងសម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។

២- “SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។

៣- “SINE PLASTIC (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតបំពង់ទឹកជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

៤- “HONG CHHING (CAMBODIA) INDUSTRIAL DEVELOPMENT CO., LTD” គម្រោងបង្កើត រោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។

៥- “MIKOL STONE CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃថ្មម៉ាបផលតិជាគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារ អាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

៦- “KAM CHING (CAMBODIA) CRAFTS & GIFTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាចបង្កើតការងារបានចំនួន ៣២០កន្លែង។

៧- “CUI ZHEN YUAN FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាចបង្កើតការងារបានចំនួន ១៧៧កន្លែង។

៨- “ZHENG HENG (CAMBODIA) CO., LTD” គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ “តារាសាគរ ឈូងសមុទ្រវែង” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ២៩២លានដុល្លារអាចបង្កើតការងារបានចំនួន ២.១១៦កន្លែង៕

Facebook Comments

To Top