ព័ត៌មានជាតិ

លោក គួច ចំរើន ប្រាប់មា្ចស់សំណង់ ខុសច្បាប់ទាំងអស់ មិនបាច់រកអ្នកអន្តរាគមន៍ទេ បេីមិនព្រមរុះរើ អាជ្ញាធរនឹងអនុវត្តន៍ច្បាប់

ភ្នំពេញ៖ ក្រោយពីគណៈកម្មការត្រួតពិនិត្យ គុណភាពសំណង់បានរកឃើញថា សំណង់ចំនួន១៤កន្លែង នៅខេត្តព្រះសីហនុ មិនមានគុណភាព ហើយតម្រូវឲ្យ រុះរើចេញទាំងស្រុងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ទៅមា្ចស់សំណង់ ខុសច្បាប់ទាំងនោះថា មិនបាច់ដើររកអ្នកអន្តរាគមន៍ ទប់ស្កាត់ទេ ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយម្ចាស់សំណង់ និងម្ចាស់ទីតាំងជួលដី ចំនួន១៤ទីតាំង នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ សំដែងការសោកស្តាយ តែដើម្បីកុំអោយមានគ្រោះថ្នាក់ទៀត ចាំបាច់ត្រូវតែរុះរើចេញជាបន្ទាន់។

លោកគួច ចំរេីន បញ្ជាក់ថា “ម្ចាស់សំណង់មិនបាច់ ដើររកអ្នកអន្តរាគមន៍ ទប់ស្កាត់ទេ។ បើមិនព្រមរុះរើទេ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់”។

លោកអភិបាលខេត្តបន្តថា បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួល ការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាត សាងសង់ឡើងវិញ អោយបានឆាប់ដើម្បីជាការប៉ះប៉ូវ នូវការខូចខាតនេះ។ ក្នុងនោះមានម្ចាស់សំណង់ចំនួន៤ កន្លែងបាននិងកំពុងរុះរើ ចេញដោយស្មគ្រ័ចិត្ត។

ចំណែក នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០១៩ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានព្រមានដល់ មន្ទីរ អង្គភាព កម្លាំង ប្រដាប់អាវុធ ហាមអន្តរាគមន៍ ដោយអនុវត្តវិធានការ ដោយទទួលខុសត្រូវមានដូចជា កុំពាក់ព័ន្ធ កុំនៅពីក្រោយខ្នងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ និងបន្តធ្វើការងារ អភិវឌ្ឍនៅក្នុងមូលដ្ឋាន ផងដែរ ៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top