កីឡា

World Cup៖ កម្ពុជាចាប់ផ្ដើម ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមជួបហុងកុង និងបារ៉ែន

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការ ប្រមូលផ្ដុំហ្វឹកហាត់ជាថ្មីហើយ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ នៅទីលាន AUPP ដើម្បីត្រៀមការប្រកួតជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា វគ្គជម្រុះជុំទី២-តំបន់អាស៊ី ពូល C នាពេលឆាប់ៗខាងមុខ ជាមួយក្រុមជម្រើសជាតិហុងកុង និងបារ៉ែន ។

ការប្រមូលផ្ដុំហ្វឹកហាត់នេះ បានធ្វើឡើងក្រោន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសបញ្ជីឈ្មោះបឋម ១ថ្ងៃ ដោយមានកីឡាករ ៣៥នាក់ ត្រូវបានកោះហៅមកចូលរួម ក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Felix G.Dalmas ។ ប៉ុន្ដែក្រោយហ្វឹកហាត់បាន ៤ថ្ងៃ លោក Felix នឹងចម្រាញ់យកកីឡាករឆ្នើមត្រឹម ២៣នាក់ប៉ុណ្ណោះ ដើម្បីត្រៀមប្រកួតផ្លូវការ ជាមួយហុងកុង និងបារ៉ែន ពោលគឺលទ្ធផលនឹងដឹង នាថ្ងៃទី០២ ខែកញ្ញា ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោត ទទួលសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ក្នុងជើងទី១ ប្រចាំពូល C នៃវគ្គជម្រុះព្រឹត្តិការណ៍ ៤ឆ្នាំម្ដងខាងលើ ពោលគឺប្រកួតដំបូង ប៉ះក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី០៥ ខែកញ្ញា ខណៈប្រកួតបន្ទាប់ ជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញាដដែល នៅលើទីលាន ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយចាប់ផ្ដើមប្រកួត នាវេលាម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា ។ ចំពោះសំបុត្រទស្សនា ត្រូវបានសហព័ន្ធកំពុងដាក់លក់ ដោយតម្លៃ VIP តម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល ៕

Facebook Comments

To Top