ព័ត៌មានជាតិ

ក្រសួង ស្នើក្រុមហ៊ុន អាកាសចរណ៍ ពិចារណារួមគ្នា បង្កើតសមាគម

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើភាគីពាក់ព័ន្ធរួមគ្នាបង្កើត «សមាគមអាកាសចរណ៍» ដើម្បីចូលរួមផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែម ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ នៅជុំវិញពិភពលោក ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ ។

ក្នុងកិច្ចប្រជុំជាមួយតំណាង រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជានាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ថោង ខុន បានឲ្យដឹងថា កិច្ចពិភាក្សានេះ ដើម្បីពង្រឹងគុណភាពសេវាទេសចរណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមផ្សព្វផ្សាយ និងការសិក្សា ពិគ្រោះពិនិត្យអំពីទីផ្សារគោលដៅ ទេសចរណ៍សំខាន់ក្នុងតំបន់។

លោកបន្តថា “ស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំង៥ ក្រោមអាណាព្យាបាលរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ពិចារណារួមគ្នាបង្កើត សមាគមអាកាសចរណ៍ក្នុងស្រុក ដើម្បីងាយស្រួលក្នុងការពិគ្រោះ និងដោះស្រាយការងារពាក់ព័ន្ធ នឹងឧស្សាហកម្ម ធ្វើដំណើរផ្លូវអាកាសឲ្យបានរលូន” ។

លោករដ្ឋមន្ត្រីក៏បានជំរុញក្រុមហ៊ុន អាកាសចរណ៍ទាំងឡាយ សិក្សាលើការតភ្ជាប់ជើងហោះហើរ ត្រង់បន្ថែមពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ក្នុងតំបន់អាស៊ាន អាស៊ី និងគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងស្នើសុំក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ចូលរួមក្នុងគ្រប់កម្មវិធី និងព្រឹត្តិការណ៏ទេសចរណ៍សំខាន់ៗ នៅក្រៅប្រទេសផងដែរ ។

ជាការឆ្លើយតបចំពោះការស្នើបង្កើត ឲ្យមានសមាគមអាកាសចរណ៍ក្នុងស្រុកនេះ ត្រូវបានតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាសចរណ៍ទាំង៥សាទរ និងឯកភាព។

ក្រុមហ៊ុនអាកាសចរណ៍ ក៏បានស្នើស្ថាប័នមានសមត្ថកិច្ច ពិចារណាលើការកាត់បន្ថយពន្ធខ្លះ ដែលពាក់ព័ន្ធលើការចុះចតនៅ តាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ ទៅប្រទេសគោលដៅមួយ ចំនួនក្នុងការជួយសំរួលម៉ោងហោះហើរ និងចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេស ក្នុងតំបន់អាស៊ានចំនួន ៨ប្រទេស រួមមាន៖ ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ។ អាស៊ានបូកបី អារ៉ាប និងតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់បណ្តាប្រទេសនានាទៀតលើពិភពលោក ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top