ព័ត៌មានជាតិ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល លើកទី១៤

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សុខាភិបាលលើកទី១៤ នៅលើទឹកដីខេត្តសៀមរាម ក្រោមអធិបតីភាពការបើក ជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ។

សម្តេចតេជោក៏ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់ អង្គប្រជុំទាំងមូលសម្រាប់ អនុវត្តបន្តផងដែរ។

យោងតាមសេចក្តីជូន ព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ សីហា នេះ បានឲ្យដឹងថា កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្ត្រី សុខាភិបាលអាស៊ាន ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី សុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេនដែលរួមមាន៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តី សុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន, កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ “លើកកម្ពស់សុខភាព ប្រជាជនអាស៊ានទាំងមូល។ កិច្ចប្រជុំនេះ នឹងពិភាក្សាផ្តោតលើ ប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១) ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព , ២) ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព , ៣) ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័តកម្ម សុខភាពអន្តរជាតិរបស់ អង្គការសុខភាពពិភពលោក និង៤) នវានុវត្តន៍នៃការពង្រឹង សេវាថែទាំសុខភាព។

កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួម របស់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ ៣០០នាក់។ កិច្ចប្រជុំក៏នឹងពិភាក្សា និងអនុម័តនូវរបៀបវារៈអាទិភាព សំខាន់ៗមួយចំនួនផងដែរ ៕

Facebook Comments

To Top