សុខភាព

ត្រឹមតែ១០នាទីប៉ុណ្ណោះ សម្រាប់ដំណេក ពេលថ្ងៃ?

យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអូស្ត្រាលី បានឲ្យដឹងថា ប្រសិនបើអ្នកចង់ធ្វើការ នៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេងមួយស្រឡេត ក្នុងរយៈពេល១០នាទី នៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួលបាន លទ្ធផលល្អជាងការគេង ក្នុង រយៈពេលកន្លះម៉ោងទៅទៀត ។

ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្សា ទៅលើការគេងរបស់អ្នកស្មគ្រ័ចិត្ត ក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យ ឃើញថា ការគេងថ្ងៃ នៅក្នុងរយៈពេល១០នាទី អាចជួយឲ្យអ្នកធ្វើការនៅពេលថ្ងៃ មានអារម្មណ៏ស្រស់ស្រាយល្អ រហូតទៅដល់ទៅ៣ម៉ោង។
លទ្ធផលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានគេងចំនួន១០នាទីមក អ្នកស្ម័គ្រចិត្តទាំងអស់ មានអារម្មណ៏ស្រស់ថ្លា ក៏ប៉ុន្តែសំរាប់អ្នកដែលគេងថ្ងៃយូរជាង ៣០នាទី មិនបានមានលទ្ធផល ដូចអ្នកទាំងនេះទេ ដោយមនុស្សនៅក្នុងក្រុមនេះ មានអាការៈងងីងងើ ហើយនៅតែ មានអារម្មណ៏ ងងុយគេងដដែរ ដោយសារតែគេងយូរពេក ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មើលទៅហាក់បីដូចជាចំលែកបន្តិច ប៉ុន្តែអ្នកស្រាវជ្រាវ បានធ្វើការសិក្សាម្តងទៀត ដោយការសិក្សាលើកក្រោយនេះ បានឲ្យអ្នកស្ម័គ្រចិត្ត ចូលរួមធ្វើតេស្តទាំងអស់ គេងក្នុងរយៈពេលខុសៗគ្នា ដែលក្នុងនោះរួមមានរយៈពេល ៥នាទី ១០នាទី ២០នាទី និង៣០នាទី។ ក្រោយមកលទ្ធលនោះ បានបង្ហាញឲ្យឃើញថា អ្នកដែលបានគេង នៅក្នុងរយៈពេល១០នាទី នៅតែមានអារម្មណ៏ស្រស់ថ្លាជាងគេ ដូចការសិក្សាកាលពីលើកមុនដែរ។ ចំណែកឯអ្នកដែលបានគេងថ្ងៃ ក្នុងរយៈពេល២០នាទី និង ៣០នាទីវិញ នៅតែមាននអាការៈងងីងងើ ស្រពេចស្រពិល រហូតដល់ថ្នាក់ផ្អាកធ្វើការសាកល្បង ក្នុងរយៈពេលកន្លះម៉ោង ក្រោយពីការគេងនោះ។ គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកងងុយគេង នៅពេលថ្ងៃ អ្នកគួរតែធ្វើការសំរាក ក្នុងរយៈពេល១០នាទី ទើបជាការប្រសើរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top