ព័ត៌មានជាតិ

អង្គការ-សមាគម-សហជីព ជិត២០០ មកដាក់ពាក្យធ្វើជាដៃគូ ជាមួយសម្ព័ន្ធសង្គមស៊ីវិល

ភ្នំពេញ ៖ លោក កឹមរ័ត្ន វិស័ដ្ឋ រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ មានអង្គការ-សមាគម និងសហជីព ចំនួន១៨៥ បានមកដាក់ពាក្យស្នើសុំ ធ្វើជាដៃគូជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ក្នុងនោះ ក៏បានបំពេញឯកសាររួចរាល់ ចំនួន១២៩ អង្គការ-សមាគម និងសហជីព។

ក្នុងកិច្ចជំនួបពិភាក្សា ស្ដីពីវឌ្ឍនភាពការងារ រវាង វ.ស.ស ជាមួយដៃគូសហប្រតិបត្តិការ និងទិសដៅបន្ដ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិស័ដ្ឋ បានឲ្យដឹងថា អង្គការសង្គមស៊ីវិល ជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេស។

លោកមានប្រសាសន៍ថា “មកទល់ពេលនេះ មានអង្គការ-សមាគម ឬសហជីព សរុប១៨៥ហើយ ដែលបានដាក់ពាក្យសុំចូលជាដៃគូ (ជាមួយសម្ព័ន្ធសង្គមស៊ីវិល) ហើយយើងបានរៀបចំឯកសារបំពេញបែបបទហ្នឹង គឺបាន១២៩ហើយ នៅសល់ប៉ុន្មានទៀត កំពុងតែបំពេញនិតិវិធីជាបន្ដទៀត” ។

លោកបញ្ជាក់ថា សព្វថ្ងៃ វ.ស.ស បានរៀបចំវេទិកាសន្ទនាជាមួយ អង្គការ-សមាគម និងសហជីព នៅទូទាំងប្រទេសរួចមកហើយ ។ ជាក់ស្តែងរៀបចំបាន ចំនួន១១ខេត្ត ដូច្នេះ វ.ស.ស គ្រោងបញ្ចប់សន្ទនានេះ នៅខែតុលា ឆ្នាំ២០១៩ខាងមុខ ក្នុងគោលបំណងបំពេញ នូវតម្រូវការចាំបាច់ និងទទួលយកបញ្ហា ឬសំណើនៅសេសសល់ កាលពីឆ្នាំ២០១៨ ដាក់ជូនរាជរដ្ឋាភិបាល។

ឆ្លៀតឱកាសនោះដែរ លោក Zhang Yaowu ប្រធានអង្គការមូលនិធិចិន សម្រាប់សន្ដិភាព និងការអភិវឌ្ឍ (CFPD) លើកឡើងថា CFPD នឹងខិតខំធ្វើយ៉ាងណាឲ្យ NGOs របស់ចិន មកសហការជាមួយកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រី។ លោកសង្ឃឹមថា អង្គការ-សមាគម និងសហជីព នឹងសហការយ៉ាងល្អៗ ជាមួយ CFPD និង NGOs របស់ចិន។

សូមបញ្ជាក់ថា វ.ស.ស ត្រូវបានបង្កើតកាលពីឆ្នាំ២០១៦ ក្នុងគោលបំណង ប្រមូលផ្តុំទស្សនៈនិងមតិយោបល់ ពីសំណាក់បញ្ញវន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ និងសង្គមស៊ីវិល តាមរយៈការពិភាក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ហើយលទ្ធផល នៃកិច្ចស្រាវជ្រាវ នឹងត្រូវបានយកមកប្រើប្រាស់ជាធាតុចូល សម្រាប់ការរៀបចំ សំណើគោលនយោបាយថ្មីៗ ដែលបម្រើឲ្យផលប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top