នយោបាយ

ក្រុមបក្សនយោបាយ មិនជឿថា លោក សម រង្ស៊ី វិលចូលស្រុកវិញទេ

ភ្នំពេញ ៖ ករណីការប្រកាស របស់លោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ វិលចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុននេះ គឺជាប្រធានបទសំខាន់ ទាំងប្រជាពលរដ្ឋ ក្រុមប្រឆាំង និងជាពិសេសរាជរដ្ឋាភិបាលផងដែរ ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាគូបក្ខដិបក្ខជាមួយលោក សម រង្ស៊ី ក៏បានប្រកាសយល់ព្រម ធ្វើសាក្សីលើការភ្នាល់របស់ «ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ជុំវិញការប្រកាស វិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ជាមួយប្រាក់១លានដុល្លារផងដែរ។

ប្រធានបទនេះ បានធ្វើឲ្យអ្នកនយោបាយ ទាំងគណបក្សកាន់អំណាច និងអតីតបក្សប្រឆាំង បានបង្ហាញជំនឿថា លោកសម រង្ស៊ី នឹងមិនវិលចូលស្រុក តាមការប្រកាសរបស់លោកនោះទេ ព្រោះលោកសម រង្ស៊ី បានជាប់នូវបណ្ដឹងជាច្រើន នៅក្នុងតុលាការកម្ពុជា។

លោក សម រង្ស៊ី និងកូនចៅជំនិត របស់លោកជាច្រើននាក់ បានប្រកាសកំណត់ថ្ងៃថា នឹងវិលចូលកម្ពុជា វិញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានហៅពលករខ្មែរពីកូរ៉េ និងថៃជាច្រើនរយនាក់ ឲ្យអមដំណើរមកជាមួយផងដែរ ។ លោក សម រង្ស៊ី ក៏បានអះអាងថា នឹងមានមន្រ្តីជាន់ខ្ពស់ របស់សភាអាមេរិក ក៏ដូចជាអឺរ៉ុប នឹងអមដំណើរលោកមកទៀតផង។ ការប្រកាសមកថ្ងៃ៩ វិច្ឆិកានេះដើម្បីឲ្យចំ ៩វិច្ឆិកា បុណ្យឯករាជ្យជាតិ ប៉ុន្តែខាងកងកម្លាំងមានសមត្ថកិច្ច បានត្រៀមលក្ខណៈចាប់ខ្លួន អតីតមេបក្សប្រឆាំងនេះ តាមគ្រប់ច្រកល្ហក ទោះមកចំថ្ងៃបុណ្យជាតិក៏ដោយ។

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានលើកឡើងថា ការប្រកាសជាថ្មីថា មកនៅថ្ងៃ៩វិច្ឆិកា គឺជាសារដដែលរបស់ទណ្ឌិតរត់ចោលស្រុកសម រង្ស៊ី គ្មានយកជាបានការទេ។

លោកបញ្ជាក់ថា “សារនយោបាយរបស់ទណ្ឌិ សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ គឺជារឿងបោកប្រាស់ដដែលៗ ដែលគ្មានឥទ្ធិពលអ្វី ដល់ប្រជាជនកម្ពុជា ក្នុងស្រុកឡើយ។ ពេលមុនទណ្ឌិតរត់ចោលស្រុក និយាយថា មកក្នុងខែកញ្ញា តែពេលនេះ ទណ្ឌិតមេឧទ្ទាម បានប្រើពាក្យ ដាច់ឆ្នាំ២០១៩ទៀត ហើយដែលពាក្យនេះ គឺបោកមហាបោកសុទ្ធសាធ” ។

លោក អ៊ូ ចន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមម្ពិល នៅថ្ងៃទី២៦ សីហា ថា “ខ្ញុំយល់ថា លោក សម រង្ស៊ី មិនមានលទ្ធភាព ក្នុងការវិលត្រឡប់ចូលមកមាតុភូមិវិញទេ” ។

លោកបន្តថា ចំពោះការអំពាវនាវ របស់លោកសម រង្ស៊ី ឲ្យពលករនិងប្រជាពលរដ្ឋ រស់នៅក្រៅប្រទេស រួមដំណើរមកជាមួយវិញនោះ គឺមិនអាចធ្វើឡើង ដោយងាយៗឡើយ ព្រោះពលករនៅក្រៅប្រទេសទាំងអស់ សុទ្ធតែជាប់កុងត្រាការងារ ជាមួយក្រុមហ៊ុន ដែលពួកគេធ្វើការ ដូច្នេះមិនអាចមកបានទេ។

លោកសង្កត់ធ្ងន់ថា ប្រសិនលោកសម រង្ស៊ី ចូលកម្ពុជាមែន អាជ្ញាធរនឹងចាត់វិធាន ការឃាត់ខ្លួនលោកភ្លាមៗ ប៉ុន្តែបើ លោកសម រស្ស៊ី ចូលមកដល់កម្ពុជាហើយ អាជ្ញាធរមិនអាចចាត់វិធានការបណ្ដាល ឲ្យផ្ទុះជាអំពើហិង្សានោះ នឹងមានធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមកាន់តែខ្លាំងទៅវិញ ដែលធ្វើឲ្យអស្ថេរភាព ក្នុងសង្គមធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យប្រទេសជាតិ កាន់ធ្លាក់ចុះទៅវិញ ។

ចំណែកលោក ពេជ្រ ស្រស់ ក៏បានលើកឡើងដែរថា “ខ្ញុំជឿជាក់ថា លោក សម រង្ស៊ី មិនអាចវិលត្រឡប់មកកម្ពុជាទេ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ហើយនឹងលើកលេសមួយចំនួនទៀត ។ ចឹងលក្ខណៈរបស់ លោកសម រង្ស៊ី គឺមិនអាចវិលចូលស្រុកបានទេ គឺដោយសារគាត់ខ្លាច គឺគាត់កំសាក មិនមានភាពជាអ្នកដឹកនាំ ហើយមិនអាចជឿទុកចិត្តបានទេ” ។

លោកបន្ថែមថា បើគិតក្នុងន័យនយោបាយវិញ លោក សម រង្ស៊ី គ្រាន់តែធ្វើជាជំងឺផ្លូវចិត្ត ដើម្បីឲ្យដៃគូប្រជែងរបស់ខ្លួន ដឹងតែប៉ុណ្ណោះ ព្រោះការធ្វើបែបនេះ ដើម្បីឲ្យដៃគូប្រជែង របស់លោកទោរទន់ ឬក៏មានច្រកប្រហោងណាមួយ ចរចាជាមួយលោកតែប៉ុណ្ណោះ៕
ដោយ៖ធី លីថូ

Facebook Comments

To Top