នយោបាយ

រដ្ឋសភាបើកវេទិកា ស្តីពីតួនាទីសភា ដើម្បីសម្រេច គោលដៅការពារ និងគ្រប់គ្រងជំងឺមិនឆ្លង

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានបើកវេទិកាសភា ស្តីពីតួនាទីសភា ដើម្បីសម្រេចគោលដៅក្នុងការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ក្នុងក្របខណ្ឌ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានលើកឡើងថា ការលើកឡើងរបស់គណៈកម្មការទី៨រដ្ឋសភា និងតំណាងក្រសួងសុខាភិបាលបានសបញ្ជាក់ឲ្យឃើញច្បាស់ពីកិច្ចខំប្រឹងប្រែង និងកិច្ចសហការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ព្រមទាំងវិស័យឯកជនដែលបានសហការរួមគ្នាលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

លោកបន្ថែមជា លទ្ធផលការងារបានសម្រេចជាគួរទីមោទក ជាពិសេសបញ្ហាសុខភាពកុមារ មាតា និងទារក ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ និងមានលក្ខខណៈកាន់តែប្រសើរ។ ជំងឺឆ្លងត្រូវបានធ្លាក់ចុះ អាត្រារំពឹងរស់មានការកើនឡើងខ្ពស់ និងប្រព័ន្ធសុវត្ថិភាពគំាពាសង្គមត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងទូលំទូលាយ ។

ទោះបីជាយ៉ាងណាក្តី អនុប្រធានទី១ រដ្ឋសភា ក៏បានលើកឡើងទៀតថា នៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែលទាមទារឲ្យមានការដោះស្រាយរួមគ្នា ដូចជា ការបន្តលើកកម្ពស់ ការយល់ដឹងបន្ថែមទៀតលើការអប់រំសុខភាព ការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះថ្នាក់ចរាចរ ជាពិសេសអាត្រានៃជំងឺមិនឆ្លងកំពុងតែមាននិន្នការកើនឡើងគួរឲ្យព្រួយបារម្ភ។

លោកបញ្ជាក់ថា “ជាការពិតណាស់សុខភាព គឺជាវត្ថុដ៏មានតម្លៃបំផុតរបស់មនុស្ស ។ ចំពោះជំងឺមិនឆ្លងវិញ គឺជាជំងឺបំផ្លាញសុខភាព និងសម្លាប់មនុស្សយ៉ាងសាហាវបំផុត ទោះបីជាជំងឺនេះ ជាប្រភេទជំងឺដែលមិនបណ្តាលឲ្យមានការឆ្លងរាលដាលដោយផ្ទាល់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតឡើយ។ ក៏ប៉ុន្តែដោយសារតែភាពមិនឆ្លងរាលដាលនេះហើយ ទើបមនុស្សយើងជាទូទៅមិនសូវមានការចាប់អារម្មណ៍ ឬមិនមានភាពភ័យខ្លាចខ្លាំងដូចជាជំងឺឆ្លងផ្សេងៗដ៏ទៃទៀត” ។

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ជំងឺមិនឆ្លងគឺជាឃាតករដ៏ត្រជាក់ដែលបានសម្លាប់ប្រជាជនច្រើនជាងជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នទៅទៀត ។ កត្តាហានិភ័យជាច្រើនរួមគ្នាដែលបង្កឲ្យកើតជំងឺមិនឆ្លងដូចជា ការប្រើប្រាស់ផលិតផលថ្នាំជក់ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ភេជ្ជៈកម្រិតជាតិស្ករខ្ពស់ ម្ហូបអាហារគ្មានសុវត្ថិភាព ផលិតផល ប្រើប្រាស់សំរាប់កសិកម្មនិងផលិតកម្មការបំពុលបរិស្ថាន និងកង្វះកាយវប្បកម្ម ៕ ដោយ ស សំណាង

Facebook Comments

To Top