នយោបាយ

សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់៖ ១ឆ្នាំមកនេះ ទទួលលទ្ធផលល្អ ខណៈថ្ងៃ២៨ សីហា នាយករដ្ឋមន្រ្តី នឹងដឹកនាំប្រជុំប្រចាំឆមាស

ភ្នំពេញ៖ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងរួមគ្នាថា ក្នុងរយៈពេលមួយឆ្នាំ​ នៃការបង្កើតក្រុមប្រឹក្សានេះ គឺទទួលបានលទ្ធផលល្អ ដោយបានចូលរួមដោះស្រាយ បញ្ហានានាឲ្យប្រជាពលរដ្ឋ ជាពិសេសទំនាស់ដីធ្លី ក្រោយមន្រ្តីថ្នាក់ជាតិមិនអើពើ។ ការអះអាងរបស់ពួកគាត់នេះ ស្របពេលនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំប្រចាំឆមាស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លេខាធិការរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានឲ្យដឹងថា នឹងបើកកិច្ចប្រជុំប្រចាំឆមាសនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះជាពិសេសពិនិត្យ ទៅលើទស្សនៈវិស័យលើវិភាគទាន រួមចំណែករបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់ក្នុង១ឆ្នាំ កន្លងមក។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ។ ឧត្តមក្រុមប្រឹក្សានេះ មានសមាសភាពមកពី គណបក្សនយោបាយចំនួន ១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការ បោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែមិនទទួលបានអាសនៈក្នុងសភា ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានគេដឹងថា មាននាទីផ្តួចផ្តើមគំនិត ឬផ្តល់មតិ ទាក់ទងទៅនឹងការរៀបចំ គោលនយោបាយដល់រាជរដ្ឋាភិបាល , ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់ និងធ្វើញត្តិជូនព្រឹទ្ធសភាតតាំងនឹងច្បាប់ ដែលបានអនុម័តដោយរដ្ឋសភា និងក្លាយជាទីប្រឹក្សារដ្ឋាភិបាលថែមទៀត។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៦ សីហា ថា លោកបានត្រៀមខ្លួនដើម្បី ចូលរួមប្រចាំឆមាសរួចហើយ។

លោកបានបង្ហាញសុទ្ធិនិយមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចូលរួមជាមួយ រាជរដ្ឋាភិបាលដោយបានផ្តល់ ដំណោះស្រាយដល់ពលរដ្ឋមានបញ្ហា ក្រោយមន្រ្តីថ្នាក់ក្រោមជាតិ មិនបានអនុវត្តច្បាប់ឲ្យបានពេញលេញ និងអនុវត្តតាមបទបញ្ជា រាជរដ្ឋាភិបាលដែលបានដាក់ចេញ ពោលគឺហាក់គ្មានការ យកចិត្តទុកដាក់លើពួកគេ។ ប្រធានគណបក្សរូបនេះ ឲ្យដឹងទៀតថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ទោះមិនបានលទ្ធផលដោះស្រាយឲ្យពលរដ្ឋ ១០០ភាគ១០០ក៏ដោយ ប៉ុន្តែបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលជាច្រើនផងដែរ។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា “យើងបានដោះស្រាយជូន ប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្រោយពីប្រតិភូគណបក្សនីមួយៗ ចុះទៅជួបអ្នកដែលមានជម្លោះបញ្ហា ។ ជាពិសេសបញ្ហាដីធ្លី យើងមើលឃើញថា មានការដោះស្រាយជា បន្តបន្ទាប់រហូតមកដែរ” ។

លោកថា នឹងបញ្ជូនរបាយការណ៍វិវាទ របស់ពលរដ្ឋដែលជាប់គាំងដោះស្រាយ មិនចេញទៅរាជរដ្ឋាភិបាលនៅថ្ងៃទី២៨ សីហា ខាងមុខនេះដែរ ។

ចំណែក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចាប់កំណើត២ឆមាសហើយ ។ ក្នុងរយៈពេលនេះ បានផ្តល់នូវទស្សនៈ នៃធាតុចូលទៅក្នុងគ្រប់សេចក្តីព្រាងច្បាប់ និងព្រាងគោលនយោបាយថ្នាក់ជាតិ, ចុះពិនិត្យការអនុវត្តច្បាប់ និងទទួលបានពាក្យបណ្តឹង ស្តីពីភាពអសកម្មនៃការអនុវត្តច្បាប់ របស់មន្រ្តីថ្នាក់ក្រោមជាតិផងដែរ។

លោកអះអាងថា ចំពោះសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពី គណបក្សខ្មែរក្រោកវិញ បានចុះស្រាវជ្រាវរកឃើញ ភាពមិនប្រក្រតីជាច្រើន ក្នុងការឃុបឃិតជាប្រព័ន្ធ, អំពើពុករលួយ, ការជិះជាន់, ការប្រើអំណាចខុសច្បាប់ ដែលបញ្ហាទាំងអស់នេះ សុទ្ធសឹងតែកើតឡើងពីការធ្វើការងារ របស់មន្រ្តីថ្នាក់ក្រោមជាតិ មិនគោរពតាមបញ្ជារបស់ថ្នាក់ជាតិ ។

លោក វិល្លាម បន្តថា ប៉ុន្តែក្រោយពីមានការបង្កើតឡើង របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកមន្រ្តីថ្នាក់ក្រោមជាតិ បានកែប្រែឥរិយាបថ ជាច្រើនដោយបានចិត្តទុកដាក់ ដោះស្រាយបញ្ហាឲ្យពលរដ្ឋ។

លោកថា “ការផ្លាស់ប្តូរឥរិយាបថដោយសារ ពួកគាត់បានព្រួយបារម្ភ ដោយសារឧត្តមក្រុមប្រឹក្សា ជាស្ថាប័នមួយដែលចូលរួម ដោយចម្រុះពីគ្រប់បណ្តា គណបក្សនយោបាយផ្សេងៗគ្នា ។ ដូច្នេះយើងអត់មានញញើតអីនឹង ការតាមដានអនុវត្តច្បាប់លើពួកគេទេ បើខុសថាខុសហើយ នឹងបញ្ជូនរបាយការណ៍ ទិន្នន័យទៅសម្តេចតេជោភ្លាមៗតែម្តង”។

លោកបានបង្ហាញក្តីសង្ឃឹមថា ស្ថាប័នមួយនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ ខណៈបច្ចុប្បន្នមានលទ្ធផលល្អជាបណ្តើរៗហើយ ក្រោយរបាយការណ៍នានា ដាក់ជូនសម្តេចតេជោ ហើយសម្តេចក៏បានដោះស្រាយ ឲ្យពលរដ្ឋជាបន្តបន្ទាប់ ដោយមិនទុកបង្អង់យូរនោះទេ ។

សូមបញ្ជាក់ថា បន្ទាប់ពីមួយថ្ងៃនៃការបង្កើតប្រធាន និងអនុប្រធានគណបក្សចំនួន១៦ ទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាផ្លូវការ ក្នុងឋានៈជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ផ្អែកតាមព្រះរាជក្រឹត្យត្រាស់ បង្គាប់របស់ព្រះមហាក្សត្រនៅថ្ងៃទី៦ កញ្ញា សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានចំនួន៣០នាក់។ ក្នុងនោះប្រធានគណបក្សនយោបាយចំនួន ១៦នាក់ មានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈអនុប្រធានគណបក្ស ឬអគ្គលេខាធិការបក្សផ្សេងទៀត មានឋានៈស្មើរដ្ឋមន្ត្រី ៕

Facebook Comments

To Top