សន្តិសុខ និង សង្គម

៦ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២,១៧១ករណី បណ្តាលឱ្យមានអ្នកស្លាប់ចំនួន១,០៣៣នាក់ និងរបួសចំនួន៣,២២៤នាក់

ភ្នំពេញ ៖ នៅក្នុងវគ្គបណ្តុះបណ្តាល បំប៉នបច្ចេកទេសសំដៅ បង្កើនប្រសិទ្ធិភាព ការរឹតបន្ដឹងច្បាប់ចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលមានរយៈពេលពីរថ្ងៃ ទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ។

តាមរបាយការណ៍ របស់លោកវរសេនីយ៍ឯកថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹង ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវមានចំនួន ៣,២៦៧ករណី បើធៀបនិងឆ្នាំ២០១៧ មានចំនួន ៣,៥៣១ករណី ។ ដោយឡែកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២,១៧១ករណី បណ្តាលឱ្យមានអ្នកស្លាប់ចំនួន១,០៣៣នាក់ និងរបួសចំនួន៣,២២៤នាក់ ។ ជាមធ្យម មានមនុស្សស្លាប់ចំនួន៦នាក់ និងរបួសចំនួន១៨នាក់ក្នុងមួយថ្ងៃ ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺនៅតែបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៣៧%, ការមិនគោរពសិទ្ធអទិភាព ២៤%, ការមិនប្រកាន់ស្តាំ ១២%, ការវ៉ាជែង ៩%, ការបត់ដោយធ្វេរប្រហែស ៨%, ស្រវឹង ៦%, កត្តាយានយន្ត ៣% និងការបើកបរស្ថិតក្នុងស្ថានភាពងងុយ១%។

ដោយឡែក បើប្រៀបធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៨ មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវកើនឡើងចំនួន ១០៣នាក់ ស្មើនឹង ១១% និង ចំនួនអ្នករបួសកើនឡើងចំនួន ៨២៥នាក់ ស្មើនឹង៣៤%។

លោកកែវ ម៉ានិត តំណាងរបស់អង្គការ CaMSafe ក៏បានលើកឡើងថា តាមការព្យាករណ៍ ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងយន្តនាការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ទេ នោះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានឹងអាចកើនឡើងរហូតទៅដល់ ៣២០០នាក់ នៅឆ្នាំ២០២០។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដូចដែលបានរៀបរាប់ខាងលើ កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសកម្មភាពអាទិភាពនានាត្រូវបានអនុវត្ត បូករួមទាំងការពង្រឹងសមត្ថភាពជំនាញ ដល់មន្ត្រីនគរបាលក្នុងការសង្រ្គោះជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនិងការផ្ដល់ជូននូវឧបករណ៍សម្ភារៈសំខាន់ៗ គឺជាការប្តេជ្ញាចូលរួមចំណែក ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការទស្សវត្សន៍អង្គការសហប្រជាជាតិ ដើម្បីសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះមានគោលបំណង៖
១- បង្កើនចំណេះដឹងអំពីទិដ្ឋភាពទូទៅ នៃស្ថានភាពចរាចរណ៍ផ្លូវ និងឥរិយាបថហនិភ័យ និងផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
២- បង្កើនចំណេះដឹងអំពីការធ្វើផែនការប្រតិបត្តិការ និងវិធានដោះស្រាយរាល់បញ្ហាប្រឈមលើការរឹតបន្តឹងចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
៣- ពង្រឹងសមត្ថភាពជំនាញដាក់គោលដៅរឹតបន្តឹង និងប្រើប្រាស់ម៉ាស៊ីនវាស់ជាតិអាល់កុល ប្រកប ដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
៤- បង្កើនសមត្ថភាពដោះស្រាយ គ្រប់គ្រង និងធានាសុវត្ថិភាពគោលដៅ រឹតបន្តឹងច្បាប់ ក៏ដូចជាការអង្កេត កត់ត្រា ប្រមូលភស្តុតាង និងធ្វើរបាយការណ៍។
៥- ផ្ដល់ឲ្យនគរបាលចរាចរណ៍ទទួលបាននូវចំណេះដឹង ជំនាញ និងសម្ភារៈជួយសង្គ្រោះដល់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុមុនពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ព្រមទាំង
៦- បង្កើនសមត្ថភាពជំនាញដើម្បីបណ្តុះបណ្តាលបន្ត រួមជាមួយនឹងសមត្ថភាពអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ អោយយល់ដឹងអំពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕

Facebook Comments

To Top