នយោបាយ

ប្រមុខការទូតខ្មែរ នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ ប្រជាជនទីម័រឡេស្តេ ពីថ្ងៃទី២៩-៣០ សីហា នៅទីក្រុងឌីលី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ ប្រជាជនទីម័រឡេស្តេ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងឌីលី រួមជាមួយតំណាងមកពីបណ្តា ប្រទេសសមាជិកអាស៊ាន ប្រទេសនិយាយភាសាព័រទុយហ្គាល់ ប្រទេសអូស្រ្តាលី និងអង្គការសហប្រជាជាតិផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៦ សីហានេះ បានឲ្យដឹងថា ការអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយសនេះ គឺតបតាមការអញ្ជើញរបស់លោក ទួរ ម៉ាតាន់ រូអាក់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។

សូមរំលឹកថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ក្រោយពីបានធ្វើការបោះឆ្នោត ប្រជាមតិទាមទារឯករាជ្យ ក្រោមការឧបត្ថម្ភរបស់ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៩ ៕

Facebook Comments

To Top