នយោបាយ

រាជរដ្ឋាភិបាល ​សម្រេចផ្តល់ថវិកា ចំនួន១០០លានដុល្លារ​ ​​ដើម្បីគាំទ្រ​ ការអភិវឌ្ឍវិស័យ SMEs

ភ្នំពេញ ៖ ដើម្បីជួយទៅដល់ វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទុននោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកា ចំនួន១០០លានដុល្លារ​ ​​បង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យម ក្នុងដំណាក់កាលដំបូង ដែលអាចនឹងលេចចេញរូបរាង នៅចុងឆ្នាំ២០១៩នេះ ។ ​​

នៅក្នុង​សិក្ខាសាលាស្តីពី ការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម​ អមនិងពិធីបិត ​ព្រឹត្តិការណ៍ពិព័រណ៍ ឧស្សាហកម្ម គ្រឿងយន្ត​ និង ពិព័រណ៍ឧស្សាហកម្ម សម្លៀកបំពាក់ & វាយនភ័ណ្ឌ កម្ពុជាអន្តរជាតិ​ ថ្ងៃ២២-២៥ ខែ​សីហា នៅ​កោះពេជ្រ ​លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើង​ ” ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកា ចំនួន ១០០លានដុល្លារ​ សម្រាប់ការបង្កើតធនាគារអេសអ៊ឹមអ៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ SMEs សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជារួមមកទល់ពេលនេះ ការសិក្សាអំពីសមិទ្ធិលទ្ធភាព ការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការ អាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារ ដើម្បីឈានដ៏ការបង្កើត ធនាគាត្រូវបាននិងកំពុងរៀបចំស្ទើរតែបញ្ចប់ទាំងស្រុង ដោយធនាគារនេះត្រូវបានរំពឹងថា នឹងចាប់ដំណើរការនាពេលដ៏ខ្លីខាងមុខ។

លោក​បានឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និង មធ្យម នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីចុងមីនា កន្លងទៅនេះ រាជរដ្ឋាភិបាលបានរៀបចំវិធាន និង នីតិវិធីលម្អិតដើម្បីអនុវត្តន៍ តាមដានវិឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តន៍និងរៀបចំស្នើនូវវិធានការបន្ថែមក្នុងករណីចាំបាច់ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យនេះ ។

លោកបានគូសបញ្ជាក់ថា ៖ វិស័យ SME ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលមានតួនាទីយ៉ាងសំខាន់ ដើម្បីជួយវិស័យនេះ អាចធ្វើទំនើបកម្ម និងដើរឲ្យទាន់សង្វាក់ផលិតកម្មពិភពលោក ព្រោះវិស័យ SMEគឺជាផ្នែកមួយជួយដល់ផលិតផលសរុប ក្នុងស្រុកមានកំណើនល្អ ជាពិសេសជួយបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិប្រមាណជាង៣២,៨ភាគរយ នៅឆ្នាំ២០១៨ពោល គឺលឿនជាងផែនការរហូតដល់ទៅ៥ឆ្នាំ ៕

Facebook Comments

To Top