ព័ត៌មានជាតិ

គ្រាន់តែចង់ទិញវត្ថុអនុស្សាវរីយ៍ ផ្ញើក្លើ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បីះនឹងត្រូវសំពងរបស់ភរិយា

ភ្នំពេញ៖ បុរសចាស់ សម្តីផ្អែម ថែមទាំងកំប្លែងស្ងួត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើដំណើរកម្សាន្ត ជាមួយនឹងភរិយា នាប្រទេសប៉ូតាន់ ក្នុងដំណើរកម្សាន្តនោះ លោករដ្ឋមន្ត្រី បីះនឹងត្រូវសំពងរបស់ភរិយារបស់លោក ដោយគ្រាន់តែចង់ទិញវត្ថុអនុស្សាវរីយ៍ ផ្ញើក្លើរបស់លោក ។

ក្នុងដំណើរកម្សាន្ត ជាមួយនឹងភរិយា​ នៅប្រទេសប៉ូតាន់ លោករដ្ឋមន្ត្រី បានប្រទះឃើញ​នូវ វត្ថុអនុស្សាវរីយ៍ជាច្រើន ដែលគេដាក់តាំងលក់ និងមានបំណងចង់ទិញផ្ញើ មកកាន់ក្លើរបស់លោក ពេលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែបំណងរបស់លោក​ មិនបានសម្រេចនោះទេ ក៏ព្រោះតែភរិយារបស់លោកបដិសេធ ។

បើតាមការរៀបរាប់របស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ​នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះថា “ចង់ទិញផ្ញើគ្នាយើង ព្រោះជំនឿប្រជាជនប៊ូតាន់ ថាជាតំនាងសាយកូនចៅ ស្រាប់តែប្រពន្ធឃើញស្រែកវ៉ាស សួរថាខ្ញុំចង់ទិញទុករកបង្កាត់ពូជខ្លួនឯងឬ ? ហេតុនេះត្រូវដាក់ចុះទៅវិញទាំងអស់ទៅ ក្លើទាំងអស់សូមកុំប្រកែប្រកាន់អីណា ! យួរតែរបស់ចាស់ទៅវិញដដែល!” ។

ទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានគេទទួលស្គាល់ថា ជារដ្ឋមន្ត្រី ដែលចូលចិត្តចែករំលែក នូវរឿងរ៉ាវ បែបកំប្លែងៗ និងប្លែកៗ ដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងរូបភាព និងអត្ថន័យរបស់លោកខាងលើនេះ ក៏នៅតែបានទាញចំណាប់អារម្មណ៍ ធ្វើអោយអ្នកអាន បានសើចសប្បាយផងដែរ៕

Facebook Comments

To Top