អន្តរជាតិ

Huawei ពិចារណា ការប្រើប្រាស់ បន្ទះឈីបកូដ បើកចំហ របស់អង់គ្លេស បើការហាមឃាត់ របស់អាមេរិកនៅតែបន្ត

ចិន៖ក្រុមហ៊ុន Huawei Technologies Co បាននិយាយថា ខ្លួននឹងពិចារណាប្រើប្រាស់ ស្ថាបត្យកម្មបន្ទះឈីប ប្រភពកូដបើកចំហរ (RISC-V) ប្រសិនបើរដ្ឋាភិបាលអាមេរិក បន្តរឹតត្បិតការចូលប្រើ បច្ចេកវិទ្យាចុងក្រោយ ពីក្រុមហ៊ុនអង់គ្លេស ARM ក្នុងរយៈពេលយូរ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀល។

លោក Xu Zhijun ប្រធានផ្នែកក្រុមហ៊ុន Huawei បាននិយាយ នៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងសិនជិន ខេត្តក្វាងទុងថា ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាអចិន្ត្រៃយ៍ទៅនឹងបច្ចេកវិទ្យាស្ថាបត្យកម្ម V8 របស់ ARM ដូច្នេះការហាមឃាត់ របស់រដ្ឋាភិបាលអាមេរិក មិនប៉ះពាល់ដល់កាលវិភាគ នៃការចាប់ផ្តើមដំណើរការបន្ទះឈីបទេ។

លោក Xu បានបន្តថា ប្រសិនបើបច្ចេកវិទ្យាថ្មីរបស់ ARM មិនអាចរកបាន នាពេលអនាគតយើង ក៏អាចប្រើ RISC-V ដែលជាស្ថាបត្យកម្ម ដែលបើកសម្រាប់ក្រុមហ៊ុនទាំងអស់។ បញ្ហាប្រឈម គឺមិនអាចយកជាការបានឡើយ ។

ក្រុមហ៊ុន Huawei ប្រើប្រាស់ស្ថាបត្យកម្មរបស់ ARM ដើម្បីរចនាបន្ទះឈីបជាច្រើនរបស់ខ្លួន សម្រាប់ស្មាតហ្វូនម៉ាស៊ីនមេ និងកម្មវិធីផ្សេងទៀត។
ប៉ុន្តែវ៉ាស៊ីនតោន ហាមឃាត់ក្រុមហ៊ុន Huawei មិនឲ្យចូលប្រើបច្ចេកវិទ្យាណាមួយ ដែលមានប្រភពចេញ ពីសហរដ្ឋអាមេរិក ដោយគ្មានការយល់ព្រម ពីរដ្ឋាភិបាល ពិសេសបានដាក់កម្រិត សមត្ថភាពរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ ARM ។ ទោះបីជា ARM មានមូលដ្ឋាន នៅចក្រភពអង់គ្លេសក៏ដោយ ក៏បច្ចេកវិទ្យាសំខាន់មួយចំនួនរបស់វា ត្រូវបានបង្កើតឡើង នៅសហរដ្ឋអាមេរិក ហើយវាត្រូវតែគោរពតាមបម្រាម របស់សហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព

Facebook Comments

To Top