អន្តរជាតិ

រុស្ស៊ីព្រមាន ពីការប្រណាំងប្រជែង អាវុធសាជាថ្មីថា ដូចសម័យសង្គ្រាមត្រជាក់

ភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី២៣ ខែសីហានេះ បានឲ្យដឹងថា ប្រេសិតពិសេសរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ ប្រចាំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការអំពាវនាវ ដល់បណ្តាប្រទេសអឺរ៉ុប ដើម្បីងាកមកយកចិត្តទុកដាក់ លើករណីដកខ្លួនរបស់អាមេរិក ចេញពីសន្ធិសញ្ញាត្រួតពិនិត្យអាវុធ ដែលជាសន្ធិសញ្ញា នៅក្នុងសម័យសង្គ្រាមត្រជាក់ និងក៏បានព្រមានផងដែរ អំពីការកើតឡើង នូវការប្រណាំងប្រជែង អាវុធសាជាថ្មីផងដែរ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Polyanskiy តំណាងអចិន្ត្រៃយ៍ ស្តីទីរបស់រុស្ស៊ីប្រចាំ នៅអង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រជាជនអឺរ៉ុប ដើម្បីចាប់ផ្តើមធ្វើសកម្មភាពនានា ក្នុងការទប់ស្កាត់ការដាក់ ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម របស់សហរដ្ឋអាមេរិក នៅលើទ្វីបរបស់ពួកគេ។

រំលឹកដែរថា បន្ទាប់ពីបានចាកចេញ ពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យម ឬហៅថាINFកាលពីថ្ងៃទី ២ ខែសីហា សហរដ្ឋអាមេរិកថ្មីៗនេះ បានធ្វើការសាកល្បង ហោះហើរមីស៊ីលថ្មីមួយ ដែលជឿជាក់ថា ជាប្រភេទស្ថិតនៅក្នុងការហាមប្រាម របស់សន្ធិសញ្ញានេះតែម្តង៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top