ព័ត៌មានជាតិ

ក្រុមហ៊ុន BEWG របស់ចិន គ្រោងវិនិយោគ វិស័យផលិតទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនរដ្ឋ Beijing Enterprises Water Group Limited (BEWG) ដែលជាក្រុមហ៊ុនដ៏ធំមួយ ទទួលបន្ទុកការផ្គត់ផ្គង់ទឹកស្អាត នៅតាមបណ្តាទីក្រុងរបស់ប្រទេសចិន ប្រមាណ១៣៩ទីតាំង និងផ្គត់ផ្គង់ទឹកស្អាត ៣៦.៨លានម៉ែត្រគូប ក្នុងមួយថ្ងៃ បានបង្ហាញឆន្ទៈ និងបំណងចូលរួមអភិវឌ្ឍន៍ វិស័យផលិតទឹកស្អាតនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងឧស្សាហកម្ម។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងឱកាស លោករដ្ឋមន្រ្តីបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៨-២១ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុនរដ្ឋ BEWG បានឲ្យដឹងថា ក្រុមហ៊ុនកំពុងអនុវត្តគម្រោងជាច្រើន ក្នុងទីក្រុងប៉េកាំងរួមមាន ការកសាងប្រភពទឹក ការការពារប្រភពទឹក ការផលិតនិងផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃសំរាម , ការគ្រប់គ្រង និងប្រព្រឹត្តកម្មសម្អាតទឹកស្អុយ , ការការពារបរិស្ថានធម្មជាតិ និងទេសចរណ៍ ។ ក្រុមហ៊ុន BEWG មានបទពិសោធន៍ពេញលេញ និងហិរញ្ញវត្ថុគ្រប់គ្រាន់ ទាំងក្នុងប្រទេសចិន និងក្រៅប្រទេស។

ក្រុមហ៊ុន BEWG បានបញ្ចាក់ថា “ក្រុមហ៊ុនក៏បានបង្ហាញឆន្ទៈ និងបំណងក្នុងការចូលរួមអភិវឌ្ឍន៍ លើវិស័យទាំងអស់ខាងលើនេះ នៅកម្ពុជាផងដែរ ដោយក្រុមហ៊ុនមានសមត្ថភាព វិនិយោគ , សិក្សារចនាប្លង់ , សាងសង់ និងដំណើរការ គ្រប់គ្រងថែទាំដោយផ្ទាល់ ជាពិសេសលើការងារផ្គត់ផ្គង់ទឹក ដើម្បីឆ្លើយតប ទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនៅកម្ពុជា និងឆ្លើយតបទៅនឹង គោលនយោបាយ ផ្គត់ផ្គង់ទឹកស្អាត របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបាន១០០% នៅតាមទីប្រជុំជន នៅឆ្នាំ២០២៥ ខាងមុខនេះ” ។

ចំពោះវិស័យទឹកស្អាត ក្រុមហ៊ុន BEWG ក៏បានអភិវឌ្ឍន៍ នូវបច្ចេកវិទ្យាចុងក្រោយ សម្រាប់ធ្វើការសម្អាតទឹកគ្រប់ប្រភេទ រួមទាំងទឹកសមុទ្រផងដែរ ដែលបច្ចុប្បន្នក្រុមហ៊ុន កំពុងធ្វើការផ្គត់ផ្គង់ប្រព័ន្ធ ផលិតទឹកស្អាត ពីទឹកសមុទ្រជូនប្រជាពលរដ្ឋ និងកងទ័ពនៅក្នុង តំបន់សមុទ្រចិនខាងត្បូង។

ជាការឆ្លើយតប លោក ចម ប្រសិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគោលបំណង របស់ក្រុមហ៊ុន BEWG ហើយលោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាគឺស្វាគមន៍ជានិច្ច ចំពោះការវិនិយោគលើគ្រប់វិស័យ ហើយលោកផ្ទាល់ នឹងខិតខំសម្របសម្រួយ ជួយជ្រោមជ្រែង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យមានការអភិវឌ្ឍបន្ថែមទៀត សម្រាប់កម្ពុជា ជាពិសេស លើការងារផ្គត់ផ្គង់ទឹកស្អាត ដើម្បីសុខុមាលភាព របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ៕

Facebook Comments

To Top